អត្ថបទ

“គ្រប់ដំណក់ មានតម្លៃ! សូមរួមគ្នាសង្គ្រោះជីវិត​ដោយការបរិច្ចាគឈាម!” នេះជាការអំពាវនាវពីក្រុមហ៊ុន អ៊ីហ្ស៊ីខម ចំពោះប្រជាជនកម្ពុជា

ក្នុងឱកាសអបអរខួប១៥ឆ្នាំ របស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម គឺជាពេលវេលាសម្រាប់ការងារសប្បុរសធម៌ និងការបង្កើតប្រយោជន៍សម្រាប់សហគមន៍ តាមរយៈយុទ្ធនាការបរិច្ចាគឈាមដ៏ធំមួយ ដែលបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន អ៊ីហ្ស៊ីខម

បុគ្គលិកក្រុមហ៊ុន អ៊ីហ្ស៊ីខម និងអតិថិជន ប្រមាណ១០០ នាក់ បានចុះឈ្មោះស្ម័គ្រចិត្តបរិច្ចាគឈាម ដែលជាការបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះសហគមន៍។ បច្ចុប្បន្នមនុស្សជាច្រើនគិតថាឈាម​របស់គាត់មានតម្លៃណាស់ គាត់​សន្សំវា​ទុក និង​បរិច្ចាគឈាមតែក្នុងករណី​សមាជិក​គ្រួសារត្រូវការតែប៉ុណ្ណោះ។ ប៉ុន្តែស្ថាប័នធំៗ តួយ៉ាងដូចជាក្រុមហ៊ុន អ៊ីហ្ស៊ីខម កំពុងព្យាយាមអប់រំបុគ្គលិក និងសាធារណជនអំពីសារៈសំខាន់នៃការបរិច្ចាគឈាម អត្ថប្រយោជន៍សុខភាពចំពោះអ្នកដែលបានចូលរួមបរិច្ចាគឈាម និងរបៀបដែលយើងគ្រប់គ្នាអាចបង្កើតផលជាវិជ្ជមានសម្រាប់សហគមន៍ទាំងមូល ដោយធ្វើជាគំរូល្អ ក្នុងការចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកដទៃជុំវិញខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា​បាននិងកំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​ឈាមនៅ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈការរៀបចំ​​យុទ្ធនាការជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពី​សារៈសំខាន់​នៃការបរិច្ចាគឈាម។

ដើម្បីចូលរួមយុទ្ធនាការ និងដោះស្រាយបញ្ហាកង្វះឈាមរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅលើមហាវិថីព្រះសីហនុ។ ហើយគេរំពឹងថា កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែលើកកម្ពស់ការចូលួមក្នុងការបរិច្ចាគឈាមរបស់បុគ្គលិក និងសាធារណៈជន អោយកាន់តែច្រើនឡើង ដើម្បីជួយដល់សង្គម និងដើម្បីបង្កើតនូវទម្លាប់ដែលមានសុខភាពល្អដល់អ្នកបរិច្ចាគឈាម ពីព្រោះការបរិច្ចាគឈាមទៀងទាត់ អាចជួយអោយកាត់បន្តយនូវជំងឺជាច្រើនដូចជា សុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀត។ ​

លោក Ashita De Costa នាយកផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុន អ៊ីហ្ស៊ីខម បានមានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍នៃការបើកយុទ្ធនាការបរិច្ចាគឈាមនេះថា “រៀងរាល់ ២ វិនាទី មានមនុស្សម្នាក់ក្នុងពិភពលោក ត្រូវការឈាមដើម្បីសង្គ្រោះជីវិត! ព្រោះយើងមិនអាចផលិតឈាមនៅក្រៅរាងកាយបាន ហើយការរក្សាឈាមទុកមានអាយុកាលកំណត់ ដូចនេះយើងតែងត្រូវការឈាមបន្ថែមតាមរយៈការបរិច្ចាគឈាមពីសាធារណៈជន។ ក្នុងនាមគណៈគ្រប់គ្រងក្រុមហ៊ុន អ៊ីហ្ស៊ីខម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកទាំងអស់ ក៏ដូចជាភ្ញៀវរបស់យើងខ្ញុំ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងយុទ្ធនាការដ៏មានសារសំខាន់នេះ។ អ្នកគឺជាបុគ្គលគំរូសម្រាប់មនុស្សគ្រប់គ្នា មិនត្រឹមតែសម្រាប់សមាជិកគ្រួសារ និងមិត្តរួមការងាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ទាំងមូលផងដែរ។ សកម្មភាពយុទ្ធនាការនេះ ត្រូវបានបង្កើតឡើងដើម្បីសុខុមាលភាពរបស់អ្នក។ សូមចូលរួមថែរក្សាសុខភាព និងសង្គ្រោះ​ជីវិតទាំងអស់គ្នា!”

យោង​តាម​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ប្រជាជន​កម្ពុជា​ត្រូវ​ការ​ឈាម​ជា​ចម្បង​ ដើម្បីសង្គ្រោះជនរងគ្រោះក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ម្ដាយដែល​ធ្លាក់​ឈាម​ពេល​សម្រាលបុត្រ និងអ្នក​ជំងឺ​មហារីក។ នៅក្នុង​ឆ្នាំ​២០២២ អត្រា​មរណភាព​នៅ​កម្ពុជា គឺ ​៦,៨ ​នាក់ ​ក្នុង​ចំណោម​មនុស្ស ​១.០០០ ​នាក់​។ គ្រោះថ្នាក់ចរាចរណ៍តែមួយមុខ បានឆក់យកជីវិតមនុស្សជាង ១.៧០០ នាក់ ក្នុងឆ្នាំ ២០២២។ ជនរងគ្រោះជាច្រើននាក់ អាចនឹងមិនបាត់បង់ជីវិតទេ ប្រសិនបើយើងមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់។ ដូចនេះការបរិច្ចាកឈាមរបស់ជនរួមជាតិមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើង និងកាត់បន្ថយនូវហានិភ័យពីជំងឺមហារីកផ្សេងៗផងដែរ។

លោក វេជ្ជ. សុខ ប៉ូ ប្រធានមជ្ឍបណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍នៅក្នុងកម្មវិធីបើកយុទ្ធនាការរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ថា ការបរិច្ចាកឈាមគឺមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យយើងដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺប្រភេទថ្លើម បេ សេ ស្វាយ អេដស៍ ។ល។ ជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកនានា ជួយកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែង និងជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។លោក សុខ ប៉ូ បានបន្ថែមដូចនេះថា សូមចងចាំថា កិច្ចបរិច្ចាកឈាមមិនប៉ះពាល់ដល់សុខភាពទេ  ហើយឈាមមានប្រភពតែមួយគត់គឺ ពីមនុស្សមិនមានរោងចក្រឱសថណាផលិតបានទេ។ សូមកុំរង់ចាំដល់ពេលវេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។

ទិវាអ្នកបរិច្ចាគឈាមពិភពលោក ជាទិវាអន្តរជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ។ ក្រុមការងារក្រុមហ៊ុន អ៊ីហ្ស៊ីខម បានប្តេជ្ញាចូលរួមបរិច្ចាគឈាម ក៏ដូចជាគៀងគរអ្នកស្ម័គ្រចិត្តពីក្រុមហ៊ុន និងសហគមន៍ក្នុងមូលដ្ឋានជាប្រចាំ ដោយមិនរង់ចាំថាទាល់តែមានឱកាសពិសេសនោះទេ។ គេក៏នឹងចែករំលែកចំណេះដឹងអំពីសុខភាពដល់ក្រុមគ្រួសាររបស់ពួកគេផងដែរ ដោយផ្តោតលើការអនុវត្តល្អៗដើម្បីការពារសុខភាពជាប្រចាំថ្ងៃ។

សកម្មភាពបរិច្ចាគឈាមនេះ គឺឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តស្របនឹងពាក្យស្លោករបស់ក្រុមហ៊ុន អ៊ីហ្សីខម ​“ប្រសើរឡើងព្រមគ្នា” ​ សំដៅបង្កើតភាពជោគជ័យ និងវឌ្ឍនភាពរួមគ្នា ប្រកបដោយគុណតម្លៃមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលរបស់កម្ពុជាទាំងមូល៕

អំពីក្រុមហ៊ុនអ៊ីហ្ស៊ីខម

ក្រុមហ៊ុនអ៊ីហ្ស៊ីខមអបអរខួប ១៥ ឆ្នាំ នៃការជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT) និងសេវាកម្មល្អផ្តាច់គេនៅកម្ពុជា។ ក្រុមហ៊ុនអ៊ីហ្ស៊ីខមបានចាប់ផ្តើមពីការផ្តល់សេវា VoIP និងបាន​ផ្លាស់ប្តូរខ្លួន​យ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់។ ហើយឥឡូវនេះក្លាយជា ​ក្រុមហ៊ុន​​​ផ្គត់ផ្គង់វេទិកា​ឌីជីថលឈានមុខគេនិងដើរតួនាទីយ៉ាងសំខាន់ជាកាតាលីករក្នុងការជំរុញ​សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនអ៊ីហ្ស៊ីខមត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ២០០៧ ហើយរហូតមកទល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគទុនសរុបជាង ១០០ លានដុល្លារ ក្នុងផ្នែក​ពាក់ព័ន្ធជាច្រើន។ ការវិនិយោគទាំងនេះរួមមានដូចជា បណ្តាញខ្សែកាបអុបទិកសរុបប្រមាណ ៣ម៉ឺនគីឡូម៉ែត្រ ដែលជាឆ្អឹងខ្នង នៃការតភ្ជាប់អ៊ីនធឺណិតនៅគ្រប់ដំណាក់កាល។  ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅតែរក្សាកំណត់ត្រា​ជាម្ចាស់ភាគហ៊ុនខ្មែរ សុទ្ធសាធ ១០០% ក្នុងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ និងជាក្រុមហ៊ុនដែលបាន ធ្វើការវិនិយោគរយៈពេលវែងលើបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយ៍ចុះចតខ្សែកាបចំនួន ១៣ នៅជាង ១០ ប្រទេសផ្សេងគ្នា។

តាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗ ដូចជា ក្រុមហ៊ុន Microsoft, សេវាកម្ម Amazon Web Services, សេវាកម្ម Oracle Cloud, សេវាកម្ម VeloCloud, សេវាកម្ម LogRhythm, ក្រុមហ៊ុន Huawei, សេវាកម្ម Ameyo, សេវាកម្ម MiHCM ជាដើម ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានបន្តនាំយកបច្ចេកវិទ្យានិង​ដំណោះស្រាយថ្មី​ៗ ​មកផ្គត់ផ្គង់ជូនអតិថិជននៅកម្ពុជា ស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់។ តាមរយៈនវានុវឌ្ឍន៍ទាំងអស់នេះ យើងបានជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជាថាជាប្រទេសដែលមានភាពរីកចម្រើនមួយ ដែលជាការទាក់ទាញ ឱ្យមានការវិនិយោគធុរកិច្ចពីវិនិយោគិនក្នុងតំបន់និងជុំវិញពិភពលោក។

អាស័យដ្ឋាន៖ ផ្ទះលេខ ៣១ មហាវិថីព្រះសីហនុ (ផ្លូវ ២៧៤) រាជធានីភ្នំពេញ

លេខទំនាក់ទំនង៖ ០២៣ ២៣ ៨១ ៨១ វែបសាយ៖ www.ezecom.com.kh

To Top