(ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីចូលរួមចំណែកក្នុងការគិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុងកម្ពុជា បានបន្ត យុទ្ធនាការសប្បុរសធម៌របស់ខ្លួនតាមរយៈទំនុកបម្រុងដល់ការសិក្សាអបរំដល់សិស្សានុសិស្សប្រមាណ 350 នាក់ នៅសាលាបឋមសិក្សាអូរស្វាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន សាមសុងកម្ពុជានេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2023 ដោយមានការ ចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជាច្រើននាក់។ គោលបំណងសំខាន់នៃ សកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង ទាក់ទិននឹងវិស័យអប់រំនេះ គឺដើម្បីសម្រាល និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត និងត្រូវការជំនួយខ្លាំងបំផុត ក្នុងការសិក្សារៀនសូត្ររបស់ពួកគេ។
លោកគ្រូនាយកសាលា ថន ប៊ុនថុល បានថ្លែងនូវចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមានក្ដីរំភើបរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សាមសុង ដែលបានជ្រើសរើសយកសាលាបឋមសិក្សាអូរស្វាយសម្រាប់កម្មវិធីមនុស្សធម៌របស់ខ្លួន ។ ការផ្តល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះ គឺជាការលើកទឹកចិត្តមួយ សម្រាប់កុមារយើង ក៏ដូចជាការសម្រាលបន្ទុកជីវភាពរបស់គ្រួសារកុមារយើងផងដែរ ។ ក្នុងនាមលោកគ្រូ អ្នកគ្រូទាំងអស់ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាលោក ដុកទ័រ Dr.Choi ដែលបានជួយគាំទ្រសាលាយើងតាំងពីដើមមក។”
បើយោងតាម លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ការផ្ដល់ជូននូវផលិតផល សាមសុង ដែលមានគុណភាពខ្ពស់ជូន ដល់អតិថិជនគឺជារឿងដ៏សំខាន់បំផុតស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ។ តែលើសពីនេះ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់នូវក្ដីស្រលាញ់ និងយកចិត្តទុកដាក់លើសហគមន៍ ជាពិសេសកុមារដែលជាសសរទ្រូងប្រទេសជាតិ គឺជាការ អភិវឌ្ឍវិស័យធនធានមនុស្សដ៏ចាំបាច់មិនអាចខ្វះបាន និងជាកាតព្វកិច្ចចាំបាច់របស់មនុស្សគ្រប់រូប” ។
សូមបញ្ជាក់ផងដែរថា ចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ។ នៅបណ្តាឆ្នាំកន្លងមក ក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត, បន្ទប់ទឹកស្អាត, កន្លែងលាងដៃសម្រាប់សិស្ស បណ្ណាល័យ បរិក្ខារសិក្សាជាច្រើន ។ល។ ហើយឆ្នាំនេះ ក្រុមហ៊ុន សាមសុង ក៏បានបន្តយុទ្ធនាការសប្បុរសធម៌នេះបន្តទៀតក្នុងទឹកដីខេត្តកំពង់ចាម ដោយផ្ដល់នូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃកាលពីដើមឆ្នាំ ហើយពេលនេះ យើងបានមកដល់សាលាបឋមសិក្សាអូរស្វាយ ស្រុកកងមាសផងដែរ។
សូមរំលឹកដែរថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រ ដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ដើម្បីក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាឆ្នាំ 2030 នេះ ៕