អត្ថបទ

អគ្គនាយកដ្ឋានពន្ធដារប្រគល់វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធប្រភេទ“មាស”ជូនក្រុមហ៊ុន ហួវៃជាថ្មីម្តងទៀត ក្នុងកម្មវិធី កិច្ចពិភាក្សាតុមូលស្តីពី​​ “ពន្ធដារកម្ពុជា និងចែលរំលែក បទពិសោធន៏ស្តីពីពន្ធដារ”

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ(អពដ) បានប្រគល់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ជូនក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា)​ ជាក្រុមហ៊ុនដែលបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ និងអនុលោមភាពសារពើពន្ធខ្ពស់។ ការប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីពិភាក្សាតុមូលស្តីពីពន្ធដារកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីពន្ធដារ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលត្រូវបានសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន ហួវៃ និងមានការចូលរួមពីលោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ លោក តែ ហ្សឺឌី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ហួវៃ នៅថ្នាក់តំបន់ និងប្រទេសកម្ពុជា និងអ្នកជំនាញពន្ធដាររបស់ក្រុមហ៊ុនជាច្រើនទៀត។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកបណ្ឌិត អេង រតនា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ហួវៃ ដែលផ្តល់កិច្ចសហការល្អក្នុងការរៀបចំកម្មវិធីនេះឡើងអនុលោមភាពសារពើពន្ធរបស់ក្រុមហ៊ុន និងផ្លាស់ប្ដូរបទពិសោធន៍ពន្ធដារទាក់ទងនឹង International Best Practice រវាងអគ្គនាយកដ្ឋានពន្ធដារ និង អ្នកជំនាញពន្ធដាររបស់ក្រុមហ៊ុន។

លោកបានលើកឡើងថា នេះគឺជាលើកទី១ ដែលក្រុមហ៊ុន ហួវៃ និងអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធីនេះឡើង និងបានអញ្ជើញតំណាងចូលរួមអគ្គនាយកដ្ឋានពន្ធដារហើយកន្លងមកអគ្គនាយកដ្ឋានតែងតែផ្តល់កិច្ចសហការល្អ និងចូលរួមក្នុងវេទិកានានាជាបន្តបន្ទាប់ ដែលរៀបចំឡើងដោយវិស័យឯកជន អង្គការ សមាគម សភាពាណិជ្ជកម្មជាតិ និងអន្តរជាតិជាដើម គឺក្នុងគោលដៅធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារព្រមទាំងផ្សព្វផ្សាយ និងចែករំលែកអំពីកម្មវិធីកំណែទម្រង់និងទំនើបកម្មប្រព័ន្ធពន្ធដារកម្ពុជា។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន ហួវៃ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់កិត្តិយស និងកិច្ចសហការល្អរបស់អគ្គនាយកដ្ឋានពន្ធដារជាពិសេសឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់តាមការស្នើសុំរបស់ក្រុមហ៊ុន និងចាត់តាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃ អពដ ដើម្បីចូលរួមកម្មវិធីរបស់ក្រុមហ៊ុន។ តាមរយៈកម្មវិធីពិភាក្សាតុមូលស្តីពី “ពន្ធដារកម្ពុជានិងចែករំលែកបទពិសោធន៍ស្តីពីពន្ធដារ” ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថានឹងទទួលនូវចំណេះដឹង បទពិសោធន៍ល្អៗ និងឈ្វេងយល់កាន់តែច្បាស់អំពីការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុនដើម្បីបន្តពង្រឹងអនុលោមភាពសារពើពន្ធកាន់តែល្អថែមទៀត។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ដែលក្រុមហ៊ុន​ ហួវៃ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ“មាស” ហើយក្រុមហ៊ុននឹងបន្តខិតខំវិនិយោគនៅប្រទេសកម្ពុជាលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងគោរពគាំទ្រទៅតាមគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលថ្មី​​ ដោយប្រកាន់ខ្ចាប់នូវគោលការណ៍នៅប្រទេសកម្ពុជាដើម្បីប្រទេសកម្ពុជា។

កិច្ចពិភាក្សាតុមូលមានការធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ លើប្រធានបទរួមមាន៖ ការអនុវត្ត VAT on e-commerce in Cambodia ស្របតាមការវិវត្តនៃសេដ្ឋកិច្ចឌីជីថល ដែលធ្វើបទបង្ហាញដោយលោក សុង កុសល អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ, ទិដ្ឋភាពទូទៅនៃការផ្ទេរថ្លៃនៅប្រទេសកម្ពុជា (Overview of Transfer Pricing in Cambodia) ដែលធ្វើបទបង្ហាញដោយលោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស, ផ្លាស់ប្តូរបទពិសោធន៍ស្តីពីឌីជីថលូបនីយកម្ម ចរន្ត និងឧត្តមានុវត្តន៍នៃរដ្ឋបាលសារពើពន្ធ (Digitalization of Tax Administration and Administration Good Practice and Trend) របស់បណ្តាប្រទេសមួយចំនួននិងកម្ពុជា ដែលធ្វើបទបង្ហាញដោយអ្នកជំនាញពន្ធដាររបស់ក្រុមហ៊ុន។

ក្នុងកម្មវិធីកិច្ចពិភាក្សានេះ លោកបណ្ឌិត អេង រតនា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ជូនក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធី លោក តែ ហ្សឺឌី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស មានមតិបិទកម្មវិធី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហួវៃ ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានផ្លាស់ប្តូរបទពិសោធន៍គ្នាយ៉ាងផុសផុលរវាង អពដ និងអ្នកជំនាញពន្ធដាររបស់ក្រុមហ៊ុន ដើម្បីជាទុនក្នុងការពង្រឹងអភិបាលកិច្ច និងអនុលោមភាពសារពើពន្ធ៕

To Top