អត្ថបទ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានប្រារព្ធ “មហាសន្និបាតប្រចាំឆ្នាំ ២០២៣ (2023 NATIONAL CONVENTION)” ដោយមានការចូលរួមយ៉ាងកុះករ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានប្រារព្ធ “មហាសន្និបាតប្រចាំឆ្នាំ ២០២៣ (2023 NATIONAL CONVENTION)” កាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ នៅ​ GIA Tower នាពេលព្រឹកសម្រាប់​ សមាជប្រចាំឆ្នាំ (General Assembly) និងនៅសណ្ឋាគារ Fairfield by Marriot​ នាពេលល្ងាចសម្រាប់​ រាត្រីស្រមោលស (Gala Night)។ កម្មវិធីដ៏ធំមួយនេះ បានរៀបចំធ្វើឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork)។

មហាសន្និបាតប្រចាំឆ្នាំ ២០២៣ នេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន បូណា​ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់, ការសង្ខេបរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំ, ការជួបជុំសមាជិក និងសមាជិកា, កម្មវិធីប្រគល់ពានរង្វាន់ និងការទំនាក់ទំនងពាណិជ្ជកម្ម ដែលមានការចូលរួមពីសភាយុវពាណិជ្ជករថ្នាក់អន្តរជាតិ និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាថ្នាក់ជាតិ និងថ្នាក់តំបន់។

គួរឱ្យចាប់អារម្មណ៍ផងដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងជាម្ចាស់ផ្ទះដើម្បីប្រារព្ធ “មហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិចប្រចាំឆ្នាំ ២០២៤ (2024 JCI Asia-Pacific Conference (ASPAC)”​ ដែលជាសន្និបាតថ្នាក់អន្តរជាតិ និងជាកិត្តិយសដ៏អស្ចារ្យ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាពជាមួយប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តាមរយៈមហាសន្និបាតនេះ នឹងបង្ហាញពីរសជាតិនៃវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ប្រពៃណី ចម្រៀង របាំ និងការដាក់តាំងម្ហូបអាហារជាច្រើន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ឲ្យមកស្គាល់កម្ពុជា ព្រមទាំងសក្តានុពលទេសចរណ៍ និងឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសផងដែរ។

To Top