អត្ថបទ

នាយក ITI ថា៖ ជំនាញចំនួន១២ ដែលសាលាដាក់ក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជាតម្រូវការខ្ពស់ពីវិស័យឯកជន

ភ្នំពេញ៖លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា វិទ្យាស្ថានរបស់លោកបានជ្រើសរើសជំនាញចំនួន១២ ដែលសុទ្ធសឹងតែជំនាញត្រូវបានសិក្សា និងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយបណ្តាវិស័យឯកជនដែលជាដៃគូរបស់វិទ្យាស្ថានមុនដាក់ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់។


លោកបន្តថា ជំនាញចំនួន ១២ នោះមានដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការផ្សារលោហៈដោយធ្នូ ការផ្សារអគ្គិសនី ការផ្សារដោយឧស្ម័ន ការបន្ស៊ីលោហៈ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការជួសជុល និងថែទាំជណ្តើរយន្ត ការជួសជុល និងថែទាំរថយន្ត ការជួសជុល និងថែទាំអគ្គិសនីរថយន្ត និងការជួសជុល និងថែម៉ាស៊ីនត្រជាក់ក្នុងរថយន្ត។

បើតាមលោកនាយកក្នុងចំណោមជំនាញទាំង១២នោះសម្រាប់វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១២៣០នាក់ ស្រីចំនួន១៩៩នាក់ គិតចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ រហូតមកទល់ថ្ងៃទី១១ មករា។

លោកបន្តថា វិទ្យាស្ថានពហុបច្ចេកទេសឧស្សាហកម្ម នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលបានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានត្រៀមខ្លួនរួចជាស្រេច ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោរពេញទៅដោយសមត្ថភាពផងដែរ។
លោកបានអំពាវនាវឱ្យយុវជន អាណាព្យាបាលទាំងអស់ជំរុញកូនៗមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពីព្រោះនេះជាឱកាសមាសសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកយុវជនដែលបានចុះឈ្មោះហើយនឹងចូលរួមវគ្គបណ្តុះបណ្តាលដំបូងរបស់ខ្លួននៅថ្ងៃទី១៥ មករា ខាងមុខនេះសូមខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព យកចិត្តទុកដាក់ ដើម្បីរៀនចប់មានសមត្ថភាពខ្ពស់អាចរកការងារបានសមរម្យ និងប្រាក់ចំណូលសមរម្យ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕

To Top