អត្ថបទ

នាយកវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ជិន តារ៉ា អំពាវនាវឱ្យយុវជនដែលមិនបានចុះឈ្មោះ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ស្របពេលដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការទៅយ៉ាងរលូន។

លោកជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាននៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។

នាយកសាលារូបនេះបញ្ជាក់ថា៖«បើតាមការអង្កេតរបស់សាលាផ្ទាល់មើលឃើញថា ចាប់តាំងពីថ្ងៃបើកបវេសនកាលជាផ្លូវការមកសិស្សរបស់យើងបានមករៀនគ្រប់ៗគ្នា សិស្សានុសិស្សរបស់យើងដើរចូលសាលាដោយភាពរីករាយ ស្នាមញញឹម ពូកគាត់ពេញចិត្តនិងការទទួលយកចំណេះជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។

លោកបន្ថែមថា សម្រាប់វិទ្យាស្ថានការអនុវត្តន៍ផ្ទាល់ក្នុងរោងជាងគឺជាវិធីសាស្រ្តក្នុងការបង្រៀនដ៏សំខាន់មួយបន្ទាប់ពីការសិក្សាទ្រឹស្តីក្នុងថ្នាក់។ មកទល់ពេលនេះមានសិស្សដែលចូលរោងជាងអនុវត្តន៍ផ្ទាល់រួចហើយ សិក្ខាកាមមានការពេញចិត្ត និងសហការជាមួយគ្រូបង្រៀនរបស់ពួកគេបានយ៉ាងល្អ។ តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះលោកសង្ឃឹមថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេនឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងដែលមានយុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕

To Top