អត្ថបទ

emart24 Inc. ចុះហត្ថលេខាផ្តល់សិទ្ធិ ធ្វើអាជីវកម្មផ្តាច់មុខជាមួយក្រុមហ៊ុន Saihan Partners ដើម្បីនាំយកផ្សារទំនើបខ្នាតតូច emart24 មកកាន់ប្រទេសកម្ពុជា

emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅ សណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

emart24 Inc. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shinsegae Group ដែលបានដឹកនាំប្រវត្តិសាស្រ្តនៃការលក់រាយ និងចែកចាយទំនិញនៅក្នុងប្រទេសកូរ៉េ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ 2013។ ចាប់តាំងពីពេលនោះមកបាន បើកផ្សារទំនើបខ្នាតតូចជាង 6,000 រហូតមកដល់បច្ចុប្បន្ន ហើយត្រូវបានគេស្គាល់ថាជាផ្សារទំនើបខ្នាតតូចដែលរីកចម្រើនបំផុត ក្នុងប្រទេសកូរ៉េ។ វាបានចាប់ផ្តើមពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសក្នុងឆ្នាំ 2021 ដោយបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយមិនយូរប៉ុន្មានក៏បន្តបើកហាងនៅសិង្ហបុរីក្នុងឆ្នាំ 2022។

Saihan Partners Co., Ltd ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hanlim Architecture Group របស់ប្រទេសកូរ៉េ ជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យសកល និងក្រុមហ៊ុន Saisons Brother Holding Co., Ltd. របស់កម្ពុជា ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើន រួមមានបណ្តាញភោជនីយដ្ឋាន ការចែកចាយអាហារ និងភេសជ្ជៈ សំណង់ ផលិតផលកសិកម្ម អេឡិចត្រូនិក និង​បច្ចេកវិទ្យា។

ហាងទី១ របស់ emart24 គ្រោងនឹងបើកទ្វារសម្រាប់បម្រើសេវាកម្មជូនអតិថិជនកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ 2024 ខាងមុខនេះ ជាមួយនឹងទីតាំងបន្ថែមដែលត្រូវបានគ្រោងសម្រាប់ការពង្រីកជាយុទ្ធសាស្រ្តពេញមួយឆ្នាំ និងដំណាក់កាលជាបន្តបន្ទាប់។ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគត ហើយមានបំណងបន្តសកម្មភាពយូរអង្វែងរបស់ខ្លួន លើទីផ្សារលក់រាយនៅប្រទេសកម្ពុជា។

emart24 ត្រូវបានគេស្គាល់ថាទីកន្លែងដែលផ្តល់ ភាពងាយស្រួយ ប្រកបដោយគុណភាព និងការច្នៃប្រឌិតរបស់ខ្លួន ជូនទៅកាន់អតិថិជន។ ផ្សារទំនើបខ្នាតតូច emart24 ផ្តល់ជូនអតិថិជននូវប្រភេទអាហារសម្រន់ និងភេសជ្ជៈចម្រុះទៅដល់អតិថិជន។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មនេះ emart24 បានកំណត់យ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារគុណភាពខ្ពស់ ដោយផ្តល់ជូននូវការបញ្ចូលគ្នាតែមួយគត់នៃរសជាតិប្រពៃណីកូរ៉េ និងផលិតផលអន្តរជាតិជាច្រើនមុខផងដែរ។ ហាង emart24 Cambodia នឹងផ្តល់នូវការរចនាហាងធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សម្រាប់អតិថិជន។ ដោយប្រើបទពិសោធន៍នៅកូរ៉េរបស់ខ្លួនដើម្បីបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះជូនអតិថិជន ម៉ាកយីហោនេះគ្រោងនឹងលេចធ្លោចេញពីគូប្រជែងនានា ដោយផ្តល់ជូននូវអាហារប្រពៃណីកូរ៉េ ស្ថានីយ៍កាហ្វេស្រស់ អាហារសម្រន់កូរ៉េផ្តាច់មុខពីស្លាកយីហោឯកជនរបស់ខ្លួន និងផលិតផល សម្រស់កូរ៉េ ជាច្រើនប្រភេទ។

ការ​សម្រេច​ចិត្ត​ចូល​ទីផ្សារ​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​យ៉ាង​ហ្មត់ចត់ ដោយ​ទទួល​ស្គាល់​សក្តានុពល និង​កំណើន​តម្រូវ​ការ​សម្រាប់​ការ​លក់​រាយ​ដែល​មាន​គុណភាព​ខ្ពស់​។ លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Saihan Partners មានប្រសាសន៍ថា “ប្រទេសកម្ពុជា ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងកំណើនចំនួនប្រជាជន កំពុងបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់នៅក្នុងឥរិយាបថរបស់អ្នកប្រើប្រាស់ អំពីការកើនឡើងតម្រូវសម្រាប់ភាពងាយស្រួល ប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ទិញទំនិញដែលសមស្របនឹងរបៀបរស់នៅដែលមានការផ្លាស់ប្តូរយ៉ាងលឿនរបស់អតិថិជនកម្ពុជានាពេលបច្ចុប្បន្ននេះ”។

ថ្លែងក្នុងឳកាសនេះដែរលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងការជំរុញទំនាក់ទំនងធុរកិច្ចអន្តរជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោក អ៊ុក ប្រជា បានមានប្រសាសន៍ថា “ថ្ងៃនេះជាថ្ងៃជោគជ័យនៃកិច្ចព្រមព្រៀង Franchise រវាង emart24 Inc. និង Saisons Brother Holding ក្នុងពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាពលរដ្ឋយើង” ។

To Top