ឃើញគេនាំនិយាយបែបបង្កប់ន័យលេងថា ខែកុម្ភៈរមៀលជិតដល់ខែមីនាទៅហើយ ស្រាប់តែមីនាខឹងធាក់ឱ្យទៅរកខែមករាវិញ។ មីនាធាក់ទៅវិញព្រោះខឹងខែមករាបានចាក់ថ្ម នៅទន្លេមេគង្គ ស្រុកស្រីសន្ធរ។ អ្វីដែលគេឆ្ងល់នោះគឺ តើមន្ត្រីមូលដ្ឋាននៅស្រុកស្រីសន្ធរដែលជាទឹកដីសម្បុកសត្វ សម្បត្តិសុខ មួយនេះ អាជ្ញាធរមូលដ្ឋានដើរ និងជិះ បិទភ្នែក ឬក៏ដើរងើយភ្នែកឡើងលើ បានជាមើលមិនឃើញគេចាក់ថ្មចូលទន្លេមេគង្គ? ពលរដ្ឋមួយក្រុមនាំគ្នាសើច និងមួយក្រុមនាំគ្នាឆ្ងល់ ហើយមួយអន្លើទៀតនាំគ្នាបង្ហោះបង្ហាញដើម្បីកុំឱ្យគេបង្ហិនចំណីច្រាំងទន្លេមេគង្គ។ រីឯមួយក្រុមទៀតបន្តនាំគ្នាសួរទៀតថា តើអ្នកចាក់ថ្មនោះជានរណា? តើអាជ្ញាធរខ្លាចរអាម្នាក់នោះជាង ឬខ្លាចច្បាប់ជាង? តើអ្នកចាក់ដីនោះអាងមានលុយ អាងមានអំណាច ឬអាចមានខ្សែ?
នៅកម្ពុជាគេសង្កេតឃើញរឿងមិនទំនងជាច្រើនបានកើតឡើងនៅតាមមូលដ្ឋាន។ មូលដ្ឋាលដែលជាភ្នែកច្រមុះរបស់រដ្ឋាភិបាល ប៉ុន្តែបែរជាបិទភ្នែកមិនមើលឃើញ និងហាក់មិនចង់ដោះស្រាយភាពអសកម្មភាពនានាឱ្យបានល្អនោះទេ។ នៅស្របពេលដែលសកម្មភាពឃោសនាបោះឆ្នោតព្រឹទ្ធសភានីតកាលទី៥ កំពុងដំណើរការមិនទាន់ចប់ផង ស្រាប់តែបញ្ហាមិនគួរកើតបានកើតឡើង។ បញ្ហានោះ គឺការចាក់ថ្មចូលក្នុងទន្លេមេគង្គនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីដើមខែមករា២០២៤។ ២០២៤ជាឆ្នាំថ្មី អាណត្តិថ្មី និងមានមេដឹកនាំថ្មី គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាដុះក្អែលមន្ត្រីខិលខួច និងបានដកមន្ត្រីអសកម្មភាពជាច្រើនកៅអីចេញ។
គេមើលឃើញថា នៅក្នុងលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តកំពង់ចាម បានបរិយាយល្អិតល្អន់ពីទីតាំងចាក់ថ្ម និងសកម្មភាពចាក់ថ្មចូលទន្លេ។ ថ្មដែលបានចាក់ចូលផ្ទៃទន្លេប្រវែងជាង៥០ម៉ែត្រ(៥៥ម៉ែត្រ) និងគ្រោងចាក់បណ្តោយទន្លេប្រវែងជិត៣០០ម៉ែត្រ(២៩៤.៦) តែទើបចាក់បាន១៣០ម៉ែត្រ។ នៅក្នុងលិខិតដដែលបានសរសេរទៀតថា សកម្មភាពចាក់ថ្មនេះមិនមានលិខិតអនុញ្ញាតនោះឡើយ។ ហើយនៅក្នុងលិខិតរដ្ឋបាលខេត្តកំពង់ចាមដែលចុះថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមឱ្យចុះពិនិត្យនិងចាត់ចែងការងារ។ ហើយលិខិតធ្វើកំណត់ហេតុថ្ងៃទី១៩កុម្ភៈ ឃើញមានតំណាងឱ្យលោកទន់ ឆៃអ៊ាង ជាអ្នកផ្តិតមេដៃទទួលស្គាល់ថាបានចាក់ថ្មចូលទន្លេមេគង្គ។ ការចាក់ថ្មចូលទន្លេមេង្គទាំងកណ្តាលថ្ងៃបែបនេះ ប្រហែលអាងមានអំណាច និងខ្សែធំហើយមើលទៅ? តែអ្វីដែលពលរដ្ឋឆ្ងល់នោះថា តើលុយ កិត្តិយស អំណាចនិងច្បាប់មួយណាធំជាង? ប្រភពមួយចំនួននិយាយថាលោកទន់ ឆៃអ៊ាង មានងារ ជាឧកញ៉ានិងមានជំនួញជាច្រើនក្នុងដៃ?
តម្រាបច្ចេកបានបរិយាយពីច្បាប់និងវិន័យបែបកីឡាថា “បើក្រុមលេងមិនល្អត្រូវហៅមេក្រុមមកណែនាំ បើមេក្រុមដឹកនាំលេងមិនល្អ ត្រូវហៅគ្រូបណ្តុះបណ្តាលមកណែនាំ។ បើមិនស្តាប់ទៀត គឺគេបណ្តេញគ្រូបង្គោលចេញ”។ ដូចគ្នាចឹងដែរ នៅតាមមូលដ្ឋានមានមន្ត្រីមួយចំនួនបិទភ្នែកឬធ្វើមើលមិនឃើញ។ គេនាំគ្នានិយាយបែបចំអកចំអន់លេងតាមតុកាហ្វេថា មេភូមិ មេឃុំ និងមេស្រុក(អភិបាលស្រុក) គួរដកមួយណា ទុកមួយណា? តើតាស្រមូម(លុយ) ឬដែលបាំងភ្នែកមន្ត្រីមូលដ្ឋានទាំងនោះ? ឬក៏ដូចឃ្លាបុរាណបែបអ្នកស្រុកតែងនិយាយលេងថា “ឱ្យតែមានលុយប្រើខ្មោចឱ្យកិនម្សៅក៏បាន”?
យោងតាមអនុក្រឹត្យស្តីពីការគ្រប់អាងទន្លេ២០១៥ ជំពូកទី៣ មាត្រា៨ បានចែងថា ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖ ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា) ទន្លេដីចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីមាត់ច្រាំងទន្លេ គឺចាត់ទុកថាជាសម្បត្តិសាធារណៈរបស់ដ្ឋ(សូមអានអនុក្រឹត្យបន្ថែម)។ ស្រីហិតោបទេសភាគ៤ស្តីពីសន្តិភាព ទំព័រ៥២ ឆ្នាំ១៩៩៤ របស់ភិក្ខុ ប៉ាង ខាត់ បានសរសេរថា “សតិ គឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលឱ្យចេញជាប្រយោជន៍ដ៏សំខាន់១ ការដឹងប្រាកដ១ ការម៉ឺងម៉ាត់កិច្ចការងារ១ ការចេះរក្សាការប្រឹក្សាសម្ងាត់១ ទាំង៥ប្រការនេះ គឺជាគុណសម្បត្តិនៃមន្ត្រីល្អ”។ ចុះមន្ត្រីមូលដ្ឋានសព្វថ្ងៃមានគុណសម្បត្តិទាំងអស់នេះហើយឬនៅ?
ជារួមមកវិញ មន្ត្រីអាជ្ញាធរពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ និងរដ្ឋប្រៀបបាននឹងរាងកាយរបស់មនុស្សម្នាក់។ ពលរដ្ឋប្រៀបបានដូចជាសរសៃឈាម រីឯមន្ត្រីមូលដ្ឋានជាកែវភ្នែកមើលប្រាប់ណែនាំ និងដោះស្រាយហើយរដ្ឋប្រៀបបាននឹងខួរក្បាលដែលត្រូវគិតគូរគ្រប់មធ្យោបាយ ធ្វើយ៉ាងដើម្បីឱ្យប្រទេសជាតិរីកច្រើនទៅមុខបានប្រកបដោយចីរភាព និរន្តរភាព និងសន្តិភាព។ ស្រីហិតោបទេសបានពោលថា “ឫស្សីដែលដុះជាគុម្ភក្រាស់ជិតប្រកិតគ្នាចោមរោមព័ទ្ធដោយដៃឫស្សីមានបន្លាស្អេកស្កះ គឺបុគ្គលមិនអាចចូលទៅកាប់កាត់ឫស្សីនោះបានដោយងាយទេ។ យ៉ាងណាមិញរដ្ឋដែលអាចយកឈ្នះចិត្តពលរដ្ឋបាន គឺមិនអាចនរណាទៅគាស់រម្លើងបានឡើយ”។ បុរាណនិទានមួយនិយាយថា “រាស្ត្រសុខ រដ្ឋសល់ រាស្ត្រអំពល់ រដ្ឋស្មុគ្រស្មាញ រាស្ត្របំផ្លាញ រដ្ឋវេទនា”។ ម្ល៉ោះហើយរាស្ត្រនិងរដ្ឋអាចរក្សាពាក្យជាសតិមួយថា “សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់”៕ ដោយ៖ លោកសិរី មុនី