នេះជាស្លោកក្នុងរឿងស្រីហិតោបទេសកថាទី១ រឿងហង្ស និងក្ងោក, វគ្គសង្គ្រាម។ ក្នុងន័យរបស់ស្លោកនេះគឺ មានតែអ្នកមានចំណេះដឹងទេដែលគេគួរគប្បីពន្យល់ណែនាំប្រៀនប្រដៅឱ្យប្រព្រឹត្តអ្វីមួយបាន ដ្បិតបញ្ញាជនចេះភ្ញាក់រឭកនឹងភាពខុសឆ្គងហើយមានឆន្ទៈចង់កែប្រែខ្លួន ដោយមើលឃើញពីតម្លៃនៃការទូន្មាន និងអាចងាកមកតបស្នងសងគុណយើងវិញដោយប្រការណាមួយ ពួកល្ងង់ទូន្មានបានដោយកម្រ រីឯពួកអ្នកឆ្លាតទូន្មានបានដោយងាយ។ ហេតុនេះបើចង់ជួយសង្គ្រោះដោយការទូន្មានប្រៀនប្រដៅទៅលើជនណាមួយ ត្រូវតែពិនិត្យសង្កេតទៅលើបុគ្គលម្នាក់នោះថាជាមនុស្សល្ងង់ឬឆ្លាតជាមុនសិន ដើម្បីកុំឱ្យអ្វីដែលធ្វើទៅមិនសមប្រកប ហើយទទួលបានទោសត្រឡប់មកវិញ។
ចំពោះមនុស្សក្នុងសង្គមសព្វថ្ងៃ ទោះបីជាមើលទៅហាក់ស៊ីវិល័យ មានឱកាសរៀនសូត្រ និងបំពេញការងារបានយ៉ាងល្អប្រសើរ មានជីវភាពសមរម្យហើយក្ដី ប៉ុន្តែពួកគេហាក់មិនសូវទទួលយកកំហុសខ្លួននោះឡើយ។ តើក្រុមមនុស្សទាំងនោះជាមនុស្សរបៀបណាបើធៀបនឹងពាក្យស្លោកស្រីហិតោបទេសនេះ?
ចំពោះបណ្ឌិត កវីនិពន្ធ សាស្ត្រាចារ្យដែលជាក្បាលម៉ាស៊ីនចំណេះក៏ត្រូវគិតគូរពីចំណុចនេះដែរ មនុស្សរស់នៅសុខក្សេមក្សាន្ត មានសីលធម៌ គុណធម៌ សុជីវធម៌បាន លុះតែមានអ្នកអប់រំល្អ ចេះយកអាសារមិនមើលនឹងភ្នែក។ ការយកចិត្តជួយសង្គ្រោះ យកអាសារមនុស្សល្ងង់ដែលនៅជិតខាងឬឆ្ងាយ ទាំងផ្នែកស្មារតី ពាក្យពេចន៍ ត្រូវស្វែងយល់ជាមុនសិនថា តើមនុស្សនោះជាមនុស្សប្រភេទណា? មនុស្សល្ងង់ឬ បណ្ឌិត? តើយើងសមនឹងជួយឬយ៉ាងណា?
ភាពចម្រូងចម្រាស់កើតចេញពីអំនួត និងចំណេះដឹង។ បើតាមស្លោកខាងលើ អ្នកដឹកនាំ អ្នកប្រាជ្ញ បញ្ញវន្ត បណ្ឌិត ត្រូវគិតគូរឱ្យបានហ្មត់ចត់អំពីចំណេះដឹងរបស់ពលរដ្ឋ។ ដោយហេតុថា មនុស្សល្ងង់ បើយើងមិនជួយសង្គ្រោះឱ្យរួចពីទុក្ខអវិជ្ជាដោយប្រការណាមួយ ច្បាស់ណាស់ថាគេមិនពេញចិត្ត បែរជាយល់ខុសថា ជាការមើលងាយ មើលស្រាលលើចំណេះពួកគេជាក់ជាមិនខាន។
អាស្រ័យហេតុនេះ អ្នកមានអាទិភាពគួរតែពន្យល់ណែនាំមនុស្សក្នុងសង្គមឱ្យយល់ពីភាពងងឹតទៅភ្លឺ ឮមិនច្បាស់ឱ្យទៅជាឮច្បាស់ យល់ច្បាស់ពីតម្លៃចំណេះដឹងនិងតម្លៃជាតិ លុបបំបាត់អាត្មានិយម៕ ដោយ ហ៊ួន ស៊ីឡូន