ភ្នំពេញ៖ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការតំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Nur Herzazzila Ghazali ទទួលបន្ទុកកិច្ចការស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អញ្ជើញចូលរួមកម្មវិធី Malaysian Ramadan Bazaar ដែលមានរយៈពេល២ ថ្ងៃ ចាប់ថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល១ រាជធានីភ្នំពេញ ។
លោក កាទើ មហាំម៉ាត់ណោសស្រ៊ី បានមានប្រសាសន៍ថា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានរៀបចំកម្មវិធីដ៏មានសារសំខាន់ឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ ម្ហូបអាហារ និងសម្លៀកបំពាក់ ដើម្បីចូលរួមអបអរសាទរក្នុងឪកាសខែរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់សាសនិកឥស្លាមទូទាំងសកលលោក ។ រាជរដ្ឋាភិបាលម៉ាឡេស៊ី តែងតែផ្តល់កិច្ចសហការណ៍ល្អគ្រប់បែបយ៉ាងដល់កម្ពុជា ជាពិសេសវិស័យទេសចរណ៍បានបង្ហាញពីភាតរភាព ជាមិត្តដ៏ល្អរបស់កម្ពុជា និងជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជាផងដែរ ។
លោករដ្ឋលេខាធិការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ដ៏ឈ្លាសវៃ មុះមុត ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង រួមចំណែកដល់សេដ្ឋកិច្ច សង្គម បង្កើតការងារជូនប្រជាពលរដ្ឋ។ ក្នុងនោះក្រសួងទេសចរណ៍ជាសេនាធិការ ដែលមាន ឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តី ក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី បង្កើន៥ និងអភិវឌ្ឍ៣ រួមមាន៖
បង្កើន៥៖ទី១ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ទី២ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ទី៣ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធទៅនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ទី៤ បង្កើតប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ជាមួយគ្នានេះក្រសួងទេសចរណ៍ក៏ទើបតែបាននឹងកំពុងអនុវត្តនូវផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមក្នុងន័យដើម្បីជំរុញចលនាទេសចរមូស្លីម ពិពិកម្មសេដ្ឋកិច្ច និងកំណើនទេសចរណ៍ពីបណ្តាប្រទេសឥស្លាម។ ជាពិសេសក្នុងការរួមចំណែកធានាឲ្យបានកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ ប្រកបដោយភាពរុះរាយរាក់ទាក់ចំពោះទេសចរមូស្លីម (Muslim Friendly) ប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អ ។
លោកគូសបញ្ជាក់ ថាដូច្នេះកម្មវិធីថ្ងៃនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយ និងជំរុញកំណើនទេសចរមកកាន់គោលដៅកម្ពុជាបន្ថែមទៀតវាបង្ហាញពីភាពសម្បូរបែបរបស់កម្ពុជាសម្រាប់គ្រប់ប្រភេទភ្ញៀវទេសចរណ៍ទាំងអស់ ។ ស្ថានភាពទេសចរណ៍បច្ចុប្បន្នដែលកំពុងចាប់យកកាលានុវត្តភាពថ្មីៗ តាមរយៈការដាក់ឲ្យប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ផលិតផលទេសចរណ៍ជាច្រើន កាលពីថ្មីៗនេះ ដែលធ្វើឲ្យកំណើនទេសចរណ៍ចាប់ផ្តើមមានសន្ទុះកើនឡើងជាលំដាប់។
បើយើងក្រឡេកមើលស្ថិតិទេសចរណ៍វិញ សម្រាប់ឆ្នាំ២០២៣នេះកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ៥លាន ៤សែននាក់ កើនឡើង១៣៩.៥ភាគរយធៀបនឹងឆ្នាំ២០២២។ ចំពោះទេសចរណ៍ផ្ទៃក្នុងមានចំនួនប្រមាណជាង ១៨លាន ៧សែននាក់ កើនឡើង ៣៤,៥ភាគរយក្នុងនោះទេសចរបរទេសប្រមាណជាង ២លាន ៥សែននាក់ កើនឡើង ៣៧,៧ភាគរយប្រៀបធៀបនឹងឆ្នាំ ២០២២ ។ នាពេលខាងមុខ កម្ពុជាសង្ឃឹមថា នឹងមានការហោះហើរបន្ថែមទាំងពីបណ្តាប្រទេសឥស្លាម និងមានទេសចរមូស្លីម មកកាន់គោលដៅកម្ពុជា ជាបន្តបន្ទាប់៕
ដោយ៖លី ភីលីព