ជំនួបនេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស ដែលបានឈានមុខគេក្នុងការពន្លឿនការរីកចម្រើននៃវិស័យទូរគមនាគមន៍ និងផ្ដល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់បុគ្គល និងសហគ្រាស។
លើសពីនេះទៅទៀត លោក ហ្សែដ ក៏បានឆ្លៀតឱកាសនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់ Smart លើផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល ព្រមទាំងការដឹកនាំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការងាររួមចំណែកទំនួលខុសត្រូវសង្គម(CSR) យ៉ាងសកម្ម ដើម្បីគាំទ្ររដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា សម្រេចបានចក្ខុវិស័យក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ 2050។ គួរបញ្ជាក់ផងដែរថា Smart ជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសមួយយ៉ាងសំខាន់ ដែលបានចូលរួមយ៉ាងសកម្មលើការពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ និងជាក្រុមហ៊ុនដែលទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ការចូលរួមបង់សារពើពន្ធបានត្រឹមត្រូវ។
ក្នុងឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Smart បានពង្រឹងតួនាទីរបស់ខ្លួនជាកម្លាំងចលករដែលរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាដោយបណ្ដាក់ទុនវិនិយោគ 75 លានដុល្លារ និងបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុក និងសហគមន៍មូលដ្ឋានផងដែរ។ ការវិនិយោគនេះមិនត្រឹមតែជម្រុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាយ៉ាងមុតមាំរបស់ Smart ដើម្បីបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនប្រកបដោយភាពរុងរឿងផងដែរ។
ដើម្បីបន្តលើកស្ទួយការបង្កើតថ្មី និងវឌ្ឍនភាព Smart ក៏បានឧបត្ថម 1% នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនទៅមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRDF) ។ លើសពីនេះទៀត 2% នៃប្រាក់ចំណូលនឹងត្រូវផ្ដល់ទៅកាន់មូលនិធិកាតព្វកិច្ចសកល(USOF) ។ ការរួមចំណែកទាំងនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យទូរគមនាគមន៍ និងជម្រុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្កើតថ្មីកាន់តែប្រសើរនៅប្រទេសកម្ពុជា។
ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាក៏មិនមែនជាអ្វីថ្មីសម្រាប់ Smart ដែរ ខណៈដែលក្រុមហ៊ុននេះតែងបង្ហាញឱ្យឃើញពីការប្រកាន់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) យ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីឆ្នាំដំបូងៗនៃប្រតិបត្តិការរបស់ខ្លួន។ Smart ក៏ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានបោះពុម្ពផ្សាយរបាយការណ៍និរន្តរភាពប្រចាំឆ្នាំផងដែរ។ ការប្រកាន់ខ្ជាប់នូវនិរន្តរភាពនេះ ជាគំរូមិនអាចមើលរំលងបានសម្រាប់ក្រុមហ៊ុនដទៃៗទៀតដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
សម្រាប់ចក្ខុវិស័យក្នុងពេលអនាគត Smart Axiata នឹងនៅតែបន្តយកចិត្តទុកដាក់លើការចូលរួមចំណែកលើកស្ទួុយវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងស្រុក និងប្តេជ្ញាបន្តឈរជើងជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសគំរូនៅក្នុងប្រទេសកម្ពុជា។ តាមរយៈបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគឈ្លាសវៃ Smart នឹងនៅតែជាផ្នែកមួយមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចជាតិ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។