ភ្នំពេញ៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន PTT (Cambodia ) និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេសបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នៅស្ថានីយ PTT សាខាហ្វូងម៉ែ (ព្រៃស) ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អ្នកឧញ៉ា សួរ វិរៈ ប្រធាននាយកប្រតិបត្តិតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងលោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកតំណាងឲ្យក្រុមហ៊ុន PTT(Cambodia )។

អ្នកឧញ៉ា សួរ វិរៈ ប្រធាននាយកប្រតិបត្តិតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ថា ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU)មានន័យសំខាន់សម្រាប់ក្រុមហ៊ុនទាំង២ ហើយរាល់ស្ថានីយ PTTទំាងអស់នៅទូទាំងប្រទេសនឹងមានសាខាក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស លើកលែងតែតំបន់ណាដាច់ស្រយាល ដែលពុំមានសូវមានប្រជាជនរស់នៅនោះទេ។

ក្រោយពីចុះ MOU នេះហើយ ការពង្រីកសាខា ក្រុមហ៊ុន វិរៈ ប៊ុនថាំ កាន់ងាយស្រួលជាងមុនផ្នែកដឹកជញ្ជូនឥវ៉ាន់ សេវាកម្ម ជាពិសេសការចតយន្តជំនះ របស់អតិថិជនកាន់តែប្រសើរឡើង ដោយសារគ្រប់ស្ថានីយ PTT មានទីលានធំទូលាយ។

អ្នកឧញ៉ាប្រធាននាយកប្រតិបត្តិបានបញ្ជាក់ថា ដូច្នេះវាផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំនៅស្ថានីយ PTT ថែមទំាំងអតិថិជនទទួលសេវាកម្ម ជាច្រើននៅទីនេះ។ ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះ វាផ្តល់ផលប្រយោជន៍ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន ២ គ្របយ៉ាងផងដែរ។

អ្នកឧញ៉ា សួរ វិរៈ បានបន្ថែមថា សព្វថ្ងៃនេះក្រុមហ៊ុន វិរៈ ប៊ុនថាំបានពង្រីកខ្លួនយ៉ាងលឿន មកដល់ពេលនេះយើងសាខាចំនួន ១០២០នៅទូទាំងប្រទេសកម្ពុជា រួមទំាងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ហើយពេលឆាប់ៗនេះ យើងនឹងពង្រីកខ្លួនតំបន់អាស៊ី ។ ក្នុងឆ្នាំ២០២៤ យើងរៀបចំគម្រោងឲ្យបាន ១១០០សាខាទូទាំងប្រទេស។

លោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកតំណាងឲ្យក្រុមហ៊ុន PTT(Cambodia ) ក៏បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ស្ថានីយ PTT មានចំនួន ១៨០ កន្លែងហើយ ចំពោះចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះមានអត្តប្រយោជន៍ជាច្រើនដូចជា អតិថិជនក្រុមហ៊ុន វិរៈ ប៊ុនថាំ ទទួលឥវ៉ាន់អាចទទួលយកសេវាកម្មនៅតាមស្ថានីយ PTT រួមមានហាងកាហ្វេ Amazon ភោជនីយស្ថាន និងផ្សារទំនើប ៕
ដោយ៖លី ភីលីព





