អត្ថបទ

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» របស់យុវទូតនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់ដោយជោគជ័យ

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ថ្មីៗនេះបានបញ្ចប់សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» ដោយជោគជ័យ។ សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាកលវិទ្យាល័យ ដល់សិស្សវិទ្យាល័យមុនឈានចូល បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ ​(Meet Me, Meet My Major 2.0)» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យចំនួន ៣ គឺ វិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យហ៊ុនសែនវត្តស្វាយ និងវិទ្យាល័យអង្គរ និង វិទ្យាស្ថានអប់រំ សាំងហ្គាពួរ ក្នុងខេត្តសៀមរាប។

សិក្ខាសាលានេះ ត្រូវបានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ២០២៣។ ដោយមើលឃើញពីគុណប្រយោជន៍នៃសិក្ខាសាលានេះ យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ឆ្នាំសិក្សា២០២៣-២០២៤ បានរៀបចំសិក្ខាសាលានេះម្ដងទៀត ក្នុងខេត្តសៀមរាបដើម្បីចែករំលែកបទពិសោធន៍ និងឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ។

សិស្សានុសិស្សវិទ្យាល័យដែលបានចូលរួម ទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗជាច្រើន ពីវាគ្មិនដែលបានចូលរួម។ អំឡុងពេលសិក្ខាសាលានេះ សិស្សានុសិស្សិ មានឱកាសទទួលបានព័ត៌មាន ពីជំនាញសិក្សាចំនួន ១៣ ដែលកំពុងពេញនិយម បទពិសោធន៍ជានិស្សិតនៅសាកលវិទ្យាល័យ គន្លឹះពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាឱកាសអាហារូបករណ៍ នៅកម្រិតសាកលវិទ្យាល័យផងដែរ។

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» ត្រូវបានបញ្ចប់ ដោយទទួលបាននូវភាពជោគជ័យ និងមានមតិវិជ្ជមានជាច្រើនពីសំណាក់អ្នកចូលួម។ តាមរយៈសិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងម៉ុតមាំថានឹងអាចចូលរួម ចំណែកជាវិជ្ជមានដល់ប្អូនៗសិស្សានុសិស្ស កម្រិតវិទ្យាល័យលើដំណើរនៃ ការអប់រំរបស់ពួកគេនាពេលអនាគត។

សិក្ខាសាលានេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូត ដោយមានការចូលរួម និងការគាំទ្រពីសំណាក់ដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយ IDP Education (Cambodia) និង Indomie Cambodia។ លើសពីនេះ ធនាគារ Phillip ក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកឧបត្ថម្ភ រួមជាមួយនឹងអ្នកឧបត្ថម្ភផ្សេងទៀតជាច្រើន និងដៃគូប្រព័ន្ធផ្សព្វផ្សាយ៕

To Top