កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីទឹកប្រាក់ ១០០លានរៀល ឧបត្ថម្ភផាច់មុខដោយក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស រៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹង ធ្វើការចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN

(ភ្នំពេញ)៖ ក្រុមហ៊ុនធំពីរនៅកម្ពុជា បានចាប់ដៃគ្នាបង្កើតកម្មវិធីដ៏អស្ចារ្យមួយ «CAMBO RAPPER» ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ ឧបត្ថម្ភផាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងរៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើការចាក់បញ្ចាំងលើស្ថានីយ៍ទូរទស្សន៍ CTN ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ « ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បានចូលរួមជ្រោមជ្រែងយ៉ាងសកម្មក្នុងវិស័យជាច្រើន គ្រប់ទម្រង់ មិនថាជាវិស័យ កីឡា គុនខ្មែរ បាល់ទះ បាល់ទាត់ វិស័យម្ហូបអាហារ ព្រមទាំងវិស័យសិល្ប:។ យើងនឹងចូលរួមផ្សព្វផ្សាយវិស័យនេះ ឱ្យមានការលេចធ្លោទាំងក្នុងស្រុក និង អន្តរជាតិ។»។
អ្នកឧកញ៉ា លាង ម៉េង ក៏បានបន្ថែមទៀតថា៖ «យើងមានយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការសម្រួតវិស័យរ៉េបឱ្យកាន់តែខ្លាំងនៅកម្ពុជា ដែលនឹងផ្តល់ឱកាសធំៗបីគឺ ១). ឱកាសផលិតចម្រៀងក្រោមផលិតកម្មធំមួយនៅកម្ពុជា ហ្គាឡាក់ស៊ីណាវ៉ាត្រា ២). ឱកាសឡើងឆាកតន្ត្រីទេសចរណ៍ទូទាំងប្រទេស របស់ផលិតផល ខ្មែរ ប៊ែវើរីជីស ៣). ឱកាសធ្វើការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានគ្រឹះរឹងមាំ និងយូរអង្វែង ដែលនឹងផ្តល់នូវវេទិកា ឬព្រឹត្តិការណ៍ធំៗ ដើម្បីបញ្ចេញ និងអភិវឌ្ឍសមត្ថភាពជាហូហែនាពេលអនាគត។»
លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប មានប្រសាសន៍ថា៖ «តាងនាមឱ្យផលិតកម្ម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងស្ថានីយ៍ទូរទស្សន៍ CTN ដែលផ្តល់កិច្ចសហការក្នុងការរៀបចំកម្មវិធីដ៏ពិសេសនេះ។ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា តែងតែបានជំរុញ និងព្យាយាមប្រមូលផ្តុំតារាចម្រៀងរ៉េបដែលមានសមត្ថភាពនិងព្រមទាំងបានជំរុញដុសខាត់សមត្ថភាពប្អូនៗជំនាន់ក្រោយជាច្រើនរូបក្នុងវិស័យចម្រៀងរ៉េបនេះ។ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ហ្គាឡាក់ស៊ីណាវ៉ាត្រា មានមហិច្ឆិតាខ្ពស់ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងវិស័យរ៉េបនេះឱ្យកាន់តែឈានឆ្ពោះទៅមុខជាលំដាប់»។
ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បន្ថែមទៀតថា៖ «ត្បិតថា កម្ពុជា បានបោះជំហានក្រោយគេនៅលើឆាកអន្តរជាតិពិតមែន តែតារារ៉េបកម្ពុជាមានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍យ៉ាងសម្បើមពីមហាជនទាំងក្នុងនិងក្រៅប្រទេស។ តារាចម្រៀងរ៉េបដែលមានសមត្ថភាព ត្រូវចេះទាំងការនិពន្ធទំនុកច្រៀង និពន្ធបទភ្លេង និងជាពិសេសមានទឹកដមសម្លេងអាចច្រៀងរ៉េប ទៅតាមស្ទាយរបស់ខ្លួន ខុសប្លែកពីគេទៀតផង។»
កម្មវិធី «CAMBO RAPPER» នឹងកាន់តែពិសេស ហើយប្លែកពីកម្មវិធីប្រឡងចម្រៀងដទៃទៀត ជាមួយវត្តមាន Coach និងវត្តមានគណៈកម្មការពិសេសៗនៅក្នុងកម្មវិធី ដោយមិនបញ្ចេញមុខ (Secret Coach) ជាដើម។ កាន់តែពិសេសទៀតនោះ កម្មវិធីមានប្រភេទ Theme និងនីតិវិធីជ្រើសរើសក្នុងវគ្គនីមួយៗ ដែលមានលក្ខណៈថ្មី មិនដែលមានពីមុនមក និងប្រកបដោយភាពរំភើប ញាប់ញ័រ ភ្ញាក់ផ្អើល និងមិនអាចទាយដឹងមុនបាន នៅគ្រប់ៗវគ្គ មានភាពពិសេសទាំងការប្រកួតប្រជែងសង្គ្រាមចង្វាក់ភ្លេង ពាក្យពេជន៍ កាយវិការ និងទឹកដមនៃការ Rap ពីសំណាក់បេក្ខជនគ្រប់ៗរូប និងអាចបង្កើតនូវចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជនទូទាំងប្រទេស កម្ពុជា។
សូមជម្រាបជូនថា ការប្រកួតនឹងមានការជ្រើសរើសបេក្ខជនបេក្ខនារីជាច្រើនរូបដើម្បីប្រកួត ប្រជែង។ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៦ សប្តាហ៍ ដែលតម្រូវឲ្យបេក្ខជន បេក្ខនារីចូលរួមប្រកួតដើម្បីដណ្ដើមជ័យលាភី និងប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀលនិងនាឡិកាពេជ្រតំណាងឱ្យពានរង្វាន់។ ក្រៅពីប្រាក់រង្វាន់ធំ កម្មវិធីក៏ផ្តល់ជូនបេក្ខជនម្ចាស់ជ័យលាភី នូវឱកាសក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា និងមានឱកាសសហការ រៀនបន្ថែមជាមួយរៀមច្បងល្បីៗនិងមានទេពកោសល្យរបស់ផលិតកម្មផងដែរ៕
គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រផលិតផលក្នុងស្រុក លើកកម្ពស់វិស័យសិល្បៈនៅកម្ពុជា៕





