អត្ថបទ

ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដ៏ធំដំបូងគេ នឹងបើកដំណើរការសាកល្បង​នៅ​ក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ

ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ស្ថិតក្នុងបរិវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល  ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នឹងមានប្រមូលផ្ដុំទៅដោយផលិតផលស្នាដៃ​របស់​ខ្មែរជាង ១២០ហាង ដែលនឹងក្លាយ​ជាមេដែកទេសចរណ៍ថ្មីមួយទៀត សម្រាប់​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងនិយមគាំទ្រ​ផលិតផល​ដែលជាស្នាដៃរបស់ខ្មែររាប់តាំងពីរបស់របរប្រើប្រាស់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងចំណីចំណុករាប់រយមុខផ្សេងទៀត។

 គំនិតផ្ដួចផ្ដើមផ្សារទេសចរណ៍មួយនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនយក្ស ជីប ម៉ុង ក្នុង​គោលបំណង ចូលរួម​ផ្សព្វផ្សាយ​​​​ម៉ាកយីហោផលិត​ផលខ្មែរ ផ្សាភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ ជាពិសេសធ្វើឱ្យ​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិបាន​ស្គាល់ពីផលិតផលខ្មែរ​កាន់តែច្រើនថែមទៀត។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ថា ប្រជាជាតិមួយខ្លាំង និងអាចគង់វង្សយូរអង្វែង ចាំបាច់ត្រូវមានប្រជាជន ដែលពោរពេញទៅដោយសមត្ថភាព អាចថែរក្សាអត្ដសញ្ញាណ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ ដូច្នេះហើយទើបក្រុមហ៊ុន ជីប ម៉ុង សម្រេចបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នេះឡើង ដើម្បីផ្សព្វផ្សាយអំពីស្នាដៃផលិតផល​ និងមុខម្ហូប ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ទៀតថា បើទោះបីជា ការរៀបចំផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្រុមហ៊ុនជីប ម៉ុង ត្រូវចំណាយច្រើន និងសូម្បីតែមិនទទួលបានផលចំណេញជាលុកកាក់មកវិញក៏ដោយ ប៉ុន្ដែ ជាស្មារតីរួមចំណែក​លើកស្ទួយផលិតផលខ្មែរ ថែរក្សាអត្តសញ្ញាណនិងវប្បធម៌ និងលើកទឹកចិត្តអ្នកផលិតក្នុងស្រុក ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចរៀប​ចំផ្សាទេសចរណ៍នេះឡើង ដោយមិនមានភាពស្ទាក់ស្ទើរនោះឡើយ។ តាមរយៈផ្សារទេសចរណ៍ដ៏ធំមួយនេះ អ្នកឧកញ៉ា លាង ម៉េង ជឿជាក់ថា នឹងជួយផ្សព្វផ្សាយផលិតផល និងស្នាដៃរបស់សហគ្រិនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត។

ថ្នាក់ដឹកនាំកំពូលរបស់​ក្រុមហ៊ុន ជីប ម៉ុង រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការផ្សព្វផ្សាយអំពីអត្ដសញ្ញាណ​របស់ខ្មែរ​តាមរយៈផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» មិនមែនជាការគិតគូរសម្រាប់រយៈពេលខ្លីនោះទេ ប៉ុន្ដែ ជីប ម៉ុង ប្តេជ្ញាចិត្តនឹង​បន្ដបេស​កកម្ម​​ផ្សព្វផ្សាយលើកកម្ពស់ផលិតផលខ្មែរនេះ រហូតដល់តជំនាន់ទៅមុខ ស្របទៅតាម​ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ ជីប ម៉ុង ដែលចង់ឱ្យក្រុមហ៊ុនខ្មែរមួយនេះ អាចបន្ដឈរជើងរឹងមាំលើស ១០០ឆ្នាំ។

ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ»  នឹងមានប្រមូលផ្ដុំទៅដោយ​ម្ហូប​អាហារជាច្រើនរាប់​មិនអស់ ដែលប្រៀបដូចជា​ឋានសួគ៌​សម្រាប់​អ្នកចូលចិត្តញ៉ាំ និងភ្លក់មុខម្ហូបថ្មីៗប្លែកៗ។ ក្រៅពីនេះ ក៏មានការដាក់​លក់វត្ថុអនុស្សវរីយ៍ គ្រឿងអលង្កាបែប​ប្រពៃណីខ្មែរ ចម្លាក់ និងការសម្ដែងរបាំ ល្ខោន និងឧបករណ៍​តន្ត្រីបុរាណផងដែរ។  

គាំទ្រផលិតផលស្នាដៃខ្មែរ លើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក

To Top