ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃចន្ទនេះថា ពលរដ្ឋណាម្នាក់ ដែលបានប្រព្រឹត្តល្មើស ទៅលើវិធានការណ៍ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងជំងឺCOVID-19 នឹងត្រូវប្រឈមមុខ នឹងការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ឬឈានដល់ការវិនិច្ឆ័យ ជាទោសឧក្រិដ្ឋ នៅទីក្រុងហាណូយ រដ្ឋធានីរបស់ប្រទេសវៀតណាម ។
អ្នកទាំងឡាយណា ដែលបានគ្រវែងម៉ាស់ចោល នៅតាមដងវិថី និងនៅលើចិញ្ចើមផ្លូវនាន អាចប្រឈមមុខនឹងការពិន័យ ជាអតិបរិមា៧លានដុង ស្មើនឹងប្រមាណ៣០៤ដុល្លារ ទន្ទឹមនឹងនេះដែរ ពលរដ្ឋណា ដែលមិនបានពាក់ម៉ាស់ការពារ ជាប់ជាប្រចាំនៅទីសាធារណៈ អាចប្រឈមនឹងការពិន័យ ជាប្រាក់៣០០.០០០ដុង ។ ទីភ្នាក់ងារព័ត៌មាន បានដកស្រង់សម្តី របស់នាយកដ្ឋានយុត្តិធម៌ របស់វៀតណាម លើការដាក់ពិន័យ និងដាក់ទោសសម្រាប់ជំងឺCOVID-19 ដល់ជនណាដែលល្មើស គឺត្រូវធ្វើការរាយការណ៍ ។
ទន្ទឹមនឹងនេះដែរ ជនណាម្នាក់ ដែលបានរត់គេចចេញ ពីទីតាំងទាំងឡាយ សម្រាប់ការធ្វើចត្តាឡីស័ក ហើយល្មើសនឹងគោលការណ៍ នៃការធ្វើចត្តាឡីស័ក និងបដិសេធ ឬគេចចេញពីការធ្វើចត្តាឡីស័ក អាចប្រឈមមុខ នឹងការពិន័យតាមច្បាប់រដ្ឋបាល ដែលមានទឹកប្រាក់១០លានដុង និងអាចឈានដល់ទោសឧក្រិដ្ឋ បើសិនជា រាល់សកម្មភាពរបស់ពួកគេ បង្កឲ្យមានការឆ្លងដល់អ្នកដទៃទៀត ។ នេះបើយោងតាមឯកសារផ្លូវការ បានបញ្ជាក់ឲ្យដឹងដូច្នេះ។
ក្រសួងសុខភិបាល បានឲ្យដឹង វៀតណាម បានអនុវត្តន៍ ដោយនៅឲ្យនៅឆ្ងាយពីសង្គម រយៈពេល១៥ថ្ងៃ ប្រឆំាងនឹងជំងឺ COVID-19 ដែលបានចាប់ផ្តើមអនុវត្តន៍ កាលពីថ្ងៃទី០១ ខែមេសា ។ ប្រទេសនេះ ត្រូវបានគេរាយការណ៍មកថា មាន២៤១ករណី នៃអ្នកឆ្លងជំងឺ COVID-19 ហើយមានអ្នកជំងឺ៩១នាក់ បានព្យាបាលជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា