Covid-19

អាមេរិកចោទចិនថា កំពុងប្រើប្រាស់ ការរាលដាលវីរុសកូរ៉ូណា លើសកលលោក ដើម្បីធ្វើសកម្មភាពវាទទី នៅសមុទ្រចិនខាងត្បូង

បរទេស៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ការរាតត្បាត នៃវីរុសឆ្លងកូវីដ១៩ នៅលើពិភពលោក ដើម្បីពង្រីក “ ការទាមទារដោយខុសច្បាប់” របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។

យោងតាមវែបសាយ Yahoo News ចេញផ្សាយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានការព្រួយបារម្ភខ្លាំង គឺក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ទស្សនៈ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះការប៉ះទង្គិចគ្នា រវាងនាវាឆ្មាំសមុទ្រចិន និងនាវានេសាទវៀតណាម នៅក្បែរប្រជុំកោះ Paracel ដែលមានជម្លោះ។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បាននិយាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ នៃឧប្បត្តិហេតុនេះ នៅប្រហែលជាពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះ នាវិកវៀតណាម ៨ នាក់ បានលោតចូលទឹក ក្នុងពេលដែលទូករបស់ពួកគេបានលិច។ កម្មករទូកទាំងអស់ ត្រូវបានជួយសង្គ្រោះដោយនាវាចិន ហើយក្រោយមក បានប្រគល់ទៅឱ្យអាជ្ញាធរវៀតណាម។

លោកស្រី Ortagus បានមានប្រសាសន៍ថា“ ឧប្បត្តិហេតុនេះ គឺជាសកម្មភាពចុងក្រោយបង្អស់ នៅក្នុងសកម្មភាព ដ៏យូរអង្វែងរបស់ចិន ដើម្បីអះអាងការទាមទារ តាមផ្លូវសមុទ្រដោយខុសច្បាប់ និងធ្វើឱ្យអន្តរាយ ដល់ប្រទេសជិតខាង នៅអាស៊ីអាគ្នេយ៍ នៅសមុទ្រចិនខាងត្បូង” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top