លោក Christine Kreuder Johnson សាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅមជ្ឈមណ្ឌល EpiCenter បាននិយាយថា វីរុសCovid-19អាចនឹងវិលត្រឡប់មកវាយប្រហារលើបណ្តាប្រទេសនៅតំបន់អាស៊ីម្តងទៀតនៅពេលខាងមុខ ក្រោយពីវីរុសនេះ បានចាកចេញមិនផុតពីប្រទេសចិនប្រទេសចិនផងនោះ ។
លោកសាស្ត្រាចារ្យ Christine Kreuder Johnson បានបន្ថែមថា ក្រោយពីវាយប្រហារលើប្រទេសចិនអោយស្លាប់មនុស្សជាង៤.០០០ពាន់នាក់ និងធ្វើអោយរបួសយ៉ាងដំណំផ្នែកសេដ្ឋកិច្ច វីរុសផ្លូវដង្ហើមមួយនេះ បានធ្វើដំណើរទៅវាយប្រហារលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងតំបន់អាមេរិកឡាទីន ។
វីរុសCovid-19 បានវាយប្រហារលើសហរដ្ឋអាមេរិកធ្ងន់ធ្ងរជាងប្រទេសចិនទៅទៀត ដោយបានសម្លាប់មនុស្សអស់ជាង១២ម៉ឺននាក់ ឆ្លងទៅមនុស្សជាង២លាននាក់ និងបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងដំណំ ដែលបណ្តាលអោយពលរដ្ឋអាមេរិកប្រមាណជាង៤៥លាននាក់ក្នុងចំណោមប្រជាជនសរុបជាង៣៦០លាននាក់គ្មានការងារធ្វើ ។
នៅសហភាពអឺរ៉ុប ក៏រងរបួសធ្ងន់មិនចាញ់អាមេរិកដែរ ហើយប្រទេសដែលរងគ្រោះធ្ងន់ជាងគេដោយសារតែវីរុសCovid-19 គឺមានប្រទេសអេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលរហូតមកដល់បច្ចុប្បន្ននេះ វីរុសCovid-19នៅតែបន្តឆ្លងរាតត្បាតមិនទាន់បានបញ្ចប់នៅឡើយ ។
ចំណែកនៅតំបន់អាមេរិកឡាទីនវិញ គឺមានប្រទេសប្រស៊ីល ប៉េរួ និងឈីលី ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលប្រទេសប្រេស៊ីលមានការឆ្លងរាលដាលវីរុសCovid-19ប្រមាណជាង១លានករណីទៅហើយ ហើយមនុស្សឆ្លងប្រចាំថ្ងៃនៃវីរុសនេះនៅប្រេស៊ីល គឺមានក្នុងរង្វង់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ ។
ដើមចមនាំអោយកើតរឿង
វីរុសCovid-19 បានផ្ទុះឡើងនៅប្រទេសចិន ដែលក្រុមអាជ្ញាធររបស់ប្រទេសនេះ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ហើយវីរុសនេះបានស្ងប់ស្ងាត់នៅប្រទេសចិន ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២០នេះ និងចាប់ឆ្លងរាលដាលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងតំបន់អាមេរិកឡាទីន ។
ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបាននិយាយថា វីរុសCovid-19កំពុងងាកក្បាលមកកាន់តំបន់អាស៊ីវិញ ហើយប្រទេសដែលជាគោលដៅឆ្លងរាលដាលវីរុសនេះក្នុងរលកទី២ គឺប្រទេស ប្រទេសនៅអាស៊ីខាងកើត និងអាស៊ីខាងត្បូង ដែលប្រទេសនៅអាស៊ីខាងកើត មានចិន ជប៉ុន និងកូរ៉េខាងត្បូង និងប្រទេសនៅអាស៊ីខាងត្បូង មានឥណ្ឌា ប៉ាគិស្ថាន និងបង់ក្លាដែស ។
ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងដដែលមើលឃើញថា នៅពេលបច្ចុប្បន្ននេះ នៅសហភាពអឺរ៉ុប ប្រទេសជាច្រើនទើបបានស្គាល់ស្ថានការណ៍ធូរស្រាលពីការឆ្លងរាលដាលនៃវីរុសCovid-19 និងបានផ្តើមលើកការបិទខ្ទប់ប្រទេសកាន់តែខ្លាំងដូចយ៉ាងប្រទេសបារាំង អាល្លឺម៉ង់ អីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេសជាដើម ។
ខណៈដែលបណ្តាប្រទេសនៅសហភាពអឺរ៉ុបទើបបានធូរស្រាលបន្តិច បណ្តាប្រទេសនៅតំបន់អាស៊ី ដែលបានធូរសា្រលមុនអឺរ៉ុប ហាក់កំពុងវិលទៅរកស្ថានភាពតានតឹងជាថ្មីឡើងវិញ ដោយសារកំណើននៃការឆ្លងថ្មីនៃវីរុសនេះលើកទី២ គួរឲ្យកត់សម្គាល់រួមមានចិន ឥណ្ឌា ប៉ាគីស្ថាន ឬបង់ក្លាដែស ។
វាហាក់ដូចជាឆាប់រហ័សពេកដែលគេហ៊ាននិយាយថា ការឆ្លងរាលដាលវីរុសCovid-19រលកទី២នៅអាស៊ីចាប់ផ្តើមហើយ ប៉ុន្តែគេក៏មិនអាចទាត់ចោលលើសមត្ថកម្មមួយនេះបានដែរ ពីព្រោះអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន ឬបង់ក្លាដែសជារឿងមួយដែលគេមិនអាចមើលស្រាលបានទេ ។
គ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះសោះ ទីក្រុងប៉េកាំង ប្រទេសចិន បានរកឃើញករណីឆ្លងវីរុសCovid-19ជិត១៥០ករណី និងប្រហែលជាអាចនៅមានបន្ថែមទៀត ដែលរដ្ឋាភិបាលចិន បានបង្ខំឲ្យរដ្ឋអំណាចសម្រេចបិទផ្សារ សាលរៀន និងសង្កាត់ជាច្រើនកន្លែង ព្រមទាំងលុបចោលជើងហោះហើរនៅអាកាសយន្តដ្ឋានក្រុងប៉េកាំង ។
សន្និដ្ឋាន៖ តើអាស៊ីអាចទប់ស្កាត់វីរុសCovid-19រលកទី២បានទេ ?
ចម្លើយ គឺបាន ប្រសិនបើរដ្ឋាភិបាលនៃប្រទេសនីមួយៗ បានចាត់វិធានការតឹងតែង និងលឿនរហ័ស ដូចជាករណីឆ្លងនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងរយៈពេលតែ៣ថ្ងៃសោះ ក្រុមអាជ្ញាធរចិន បានសម្រេចបិទខ្ទប់ចរន្តមនុស្សស្ទើរទាំងស្រុង និងដាក់បទបញ្ជាតឹងរ៉ឹងមិនអោយប្រជាពលរដ្ឋចាកចេញពីគេហដ្ឋាន ។
ផលប៉ះពាល់
ប្រសិនបើបណ្តាប្រទេសនៅតំបន់អាស៊ី មិនអាចទប់ស្កាត់បាននូវការឆ្លងរាលដាលវីរុសCovid-19នៅរលកទី២បានទេ ផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសុខភាព និងផ្នែកសេដ្ឋកិច្ច ពិជាកើតឡើងដោយចៀសមិនរួចនៅពេលខាងមុខ និងអាចអូសបន្លាយពេលវេលាដ៏យូរថែមទៀត ដែលពិបាកនឹងស្រោចស្រង់អោយដូចដើមវិញបាន ៕
ដោយៈ អ៊ិន ជិន