Covid-19

វិភាគ: វីរុសCovid-19 ធ្វើឲ្យអង់ទីគ័រការពាររាងកាយ ចុះខ្សោយក្នុងរយៈពេល ពី២ ទៅ ៣ខែ

បច្ចុប្បន្នភាព

ក្រុមអ្នកជំនាញផ្នែកសុខភាព នៅសកលវិទ្យាល័យ King’s college នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបង្ហាញរបាយការណ៍មួយកាល ពីថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ស្តីពីលទ្ធផលនៃការ អង្កេតតាមដានទៅលើកម្លាំងឆ្លើយតប នៃប្រព័ន្ធអង់ទីគ័រ (Antibody) របស់មនុស្ស ដែលបានឆ្លងវីរុសCovid-19 ឬវីរុសកូរ៉ូណាថ្មី ។

លទ្ធផលនៃការអង្កេត របស់ក្រុមអ្នកជំនាញបានបង្ហាញថា មនុស្សដែលបានឆ្លងវីរុសCovid-19 គឺរាងកាយរបស់អ្នកជំងឺនោះ បានបង្កើតនូវប្រព័ន្ធអង់ទីគ័រ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលមានកម្លាំងអង់ទីគ័រខ្លាំងបំផុត ។

អង់ទីគ័រប្រឆាំងវីរុសCovid-19នេះ គឺមានកម្លាំងខ្លាំងត្រឹមតែរយៈពេលប្រហែល៣សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកជំងឺCovid-19 បានចាប់ផ្តើមចេញរោគសញ្ញា ប៉ុន្តែក្នុងរយៈពេល៦៥ថ្ងៃក្រោយមកទៀត អង់ទីគ័ររបស់អ្នកជំងឺ បានចាប់ចុះខ្សោយ និងរលាយបាត់ទៅវិញ ។

អង់ទីគ័រខ្លាំងរបស់អ្នកជំងឺ Covid-19 បានចុះខ្សោយនឹងរលាយបាត់បង់ទៅវិញក្នុងរយៈពេលពី២ទៅ៣ខែ ហើយក្រោយមកទៀត វីរុសCovid-19ចាប់ផ្តើមមានឱកាស និងវាយលុកក្នុងរាងកាយអ្នកជំងឺ ដែលអាចធ្វើអោយបាត់បង់ជីវិតបាន ។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបង្ហាញក្រោយពីអ្នកជំនាញ អង់គ្លេសបានធ្វើការអង្កេតតាមដាន ទៅលើកម្លាំងឆ្លើយតបនៃប្រព័ន្ធអង់ទីគ័ររបស់មនុស្សចំនួន៩០នាក់ ដែលបានឆ្លងវីរុសCovid-19 និងបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ការអង្កេតនេះបង្ហាញថា ក្នុងចំណោមអ្នកជំងឺ Covid-19 ទាំង៩០នាក់ គឺមានអ្នកជំងឺតែ១៦,៧%តែប៉ុណ្ណោះ ដែលមានអង់ទីគ័រខ្លាំង និងរឹងមាំដដែលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ហើយក្រៅពីនោះ គឺអង់ទីគ័រចុះខ្សោយ និងរលាយបាត់ទៅវិញ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយមអ្នកជំនាញផ្នែកសុខភាពនៅសកលវិទ្យាល័យ King’s college បើកការអង្កេតតាមដានទៅលើ កម្លាំងឆ្លើយតបនៃប្រព័ន្ធអង់ទីគ័រ(Antibody)របស់មនុស្ស ដែលបានឆ្លងវីរុសCovid-19 ឬវីរុសកូរ៉ូណាថ្មីនេះ ដោយសារមានទ្រឹស្តីមួយផ្ទុយគ្នា ។

ទ្រឹស្តីនោះត្រូវបានលើកឡើងថា កាលណាមានអ្នកឆ្លងវីរុសCovid-19កាន់តែច្រើនគ្នាក្នុងសង្គម យូរៗទៅវីរុសនេះ នឹងលែងមាន កម្លាំងវាយលុកទៅលើរាងកាយមនុស្សទៀត ហើយ ដោយសារមនុស្ស​មាន ប្រព័ន្ធអង់ទីគ័រទប់ទល់កាន់តែខ្លាំង ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញទៀតថា ការដែលប្រព័ន្ធអង់ទីគ័ររបស់អ្នកជំងឺCovid-19 បានចុះខ្សោយជាលំដាប់ និងបានរលាយបាត់ទៅវិញ ក្នុងពេលដ៏ខ្លីបែបនេះ វាអាចបង្កបញ្ហាទៅដល់អនាគត នៃថ្នាំវ៉ាក់សាំងបង្ការវីរុសCovid-19ទៀត ។

លោក Stephen Griffin សាស្ត្រាចារ្យនៅសកលវិទ្យាវិទ្យាសាស្រ្តសុខាភិបាល Leeds បានលើកឡើងថា បើអង់ទីគ័រអាចមានជីវិតត្រឹមតែ ពី២ទៅ៣ខែ នោះមានន័យថា វ៉ាក់សាំងក៏មានប្រសិទ្ធិភាព តែរយៈពេលប៉ុណ្ណឹងដែរ ។

លោក Stephen Griffin បានបន្ថែមថា ជម្រើសមានតែ២ទេ គឺត្រូវស្រាវជ្រាវរកវ៉ាក់សាំងបង្ការវីរុស Covid-19 ដែលអាចមានប្រសិទ្ធិភាព រយៈពេលយូរ ដែលនេះគឺវាសឹងតែមិនអាចធ្វើទៅបាន និងជំរើសទី២គឺត្រូវ ចាក់វ៉ាក់សាំងឲ្យច្រើនដងជាប្រចាំ ។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញរបស់ King’s College បានរកឃើញថា ប្រព័ន្ធការពារខ្លួនដែលរាងកាយមនុស្សបានបង្កើតដើម្បីទប់ទល់ ជាមួយមេរោគកូរ៉ូណាថ្មីនេះ គឺមិនស្ថិតនៅលើប្រព័ន្ធអង់ទីគ័រ តែមួយទាំងស្រុងទេ ។

សន្និដ្ឋាន៖ តើមនុស្សនៅលើផែនដីមានមធ្យោបាយអ្វី ដើម្បីទប់ទល់នឹង Covid-19 ?

មធ្យោបាយរបស់មនុស្សនៅលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19មានច្រើនណាស់ ប៉ុន្តែកត្តាសំខាន់គឺអាស្រ័យលើការអនុវត្តនូវវិធានការចាំបាច់សម្រាប់ទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ។

អ្នកជំនាញផ្នែកសុខភាពជាច្រើនបានលើកឡើងថា ក្នុងអំឡុងពេលដែលពិភពលោកមិនទាន់មានវ៉ាក់សាំងបង្ការវីរុស Covid-19 ពលរដ្ឋគ្រប់រូបត្រូវមានភារកិច្ចផ្ទាល់ខ្លួនក្នុងការចៀសអោយផុតពីការឆ្លងវីរុសនេះ ។

ការចៀសវាងពីការឆ្លងវីរុស Covid-19 គឺការរក្សាអនាម័យ ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការយល់ដឹងពីការវិធីបង្ការផ្សេងទៀត ដែលក្រុមអ្នកជំនាញ ឬរដ្ឋាភិបាលបានណែនាំនៅក្នុងប្រទេសនីមួយនៅជុំវិញពិភពលោក ។

ប្រមុខអង្គការសុខភាពពិភពលោក បាននិយាយថា ទោះបីជាពិភពលោកមានវ៉ាក់សាំងបង្ការវីរុស Covid-19ក៏ដោយ ក៏វីរុសនេះមិនប្រាកដថា បាត់បង់ពីភពផែនដីនេះដែរ ហើយការរស់នៅ ប្រចាំថ្ងៃរបស់មនុស្សនៅលើបិភពលោកនេះ ក៏មិនអាចវិលត្រឡប់ទៅរកភាពដើមវិញដែរ ដោយមនុស្សនឹង រស់នៅក្នុងគន្លងថ្មីជាមួយនឹងវីរុសផ្លូវ ដង្ហើមមួយនេះ ដោយព្យាយាម គេចអោយផុតពីការឆ្លង ។

ផលប៉ះពាល់

ការឆ្លងរាល ដាលវីរុស Covid-19នេះ មិនត្រឹមតែប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលនោះទេ ការឆ្លងវីរុសនេះ ក៏ធ្វើអោយប៉ះពាល់ដល់សតិ អារម្មណ៍របស់មនុស្សនៅជុំវិញពិភពលោកផងដែរ ៕ អ៊ី ជិន

To Top