Covid-19

ថៃ នឹងជម្លៀសពលរដ្ឋខ្លួន ១ម៉ឺននាក់ ពីប្រទេសអេហ្ស៊ីប ក្រោយនិស្សិតថៃម្នាក់ស្លាប់ ដោយសារមេរោគកូវីដ១៩ និង១២៧នាក់ឆ្លងវីរុសនេះ

បរទេស៖ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា ជើងហោះហើរពិសេស កំពុងត្រូវបានរៀបចំឡើង ដើម្បីទៅយកជនជាតិថៃ ដែលជាប់គាំងនៅបរទេស បន្ទាប់ពីនិស្សិតថៃម្នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេស អេហ្ស៊ីប។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកបានបញ្ជា ឲ្យក្រសួងការបរទេសរៀបចំជាបន្ទាន់ នូវជើងហោះហើរ “ជួយសង្គ្រោះ” ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ជើងហោះហើរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ នឹងត្រូវបានផ្តល់ជូនជាបន្ត ហើយនឹងនាំប្រជាជនថៃ ប្រមាណ ១ម៉ឺននាក់ ត្រឡប់ទៅផ្ទះវិញ។

ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយទៀតថា លោកមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះសុខុមាលភាព របស់ប្រជាជនថៃ ដែលបានជាប់នៅក្រៅប្រទេស ហើយលោកក៏បានស្នើសុំ ឱ្យក្រសួងការបរទេស ផ្តល់នូវសំភារៈចាំបាច់ និងថែរក្សាពួកគេផងដែរ។

ស្ថានទូតថៃប្រចាំនៅអេហ្ស៊ីប ត្រូវបានជូនដំណឹងជាលើកដំបូង ទៅកាន់និស្សិតសាកលវិទ្យាល័យ បុរសម្នាក់ដែលបានធ្លាក់ខ្លួនឈឺខ្លាំងនៅទីនោះ កាលពីថ្ងៃទី ២៤ ខែកក្កដា។ មន្ត្រីបានរៀបចំជាមួយ ក្រសួងសុខាភិបាលសាធារណៈអេហ្ស៊ីប ដើម្បីនាំគាត់ទៅមន្ទីរពេទ្យភ្លាមៗ។ ស្ថានទូតបាននិយាយថា បន្ទាប់មក បួនថ្ងៃក្រោយមក និស្សិតថៃខាងលើ បានទទួលមរណភាព ដោយសារការរលាកសួត ដែលបណ្តាលមកពី Covid-19 ។

ស្ថានទូតបានបញ្ជាក់ថា នេះជាករណីដំបូងនៃការស្លាប់ របស់ជនជាតិថៃនៅអេហ្ស៊ីប ដោយសារវីរុសកូរ៉ូណា។

គិតត្រឹមថ្ងៃទី ២៨ ខែកក្កដា ចំនួនករណីឆ្លងមេរោគ Covid-១៩ នៅអេហ្ស៊ីបមានចំនួន ៩២.៤៨២ នាក់ និងចំនួនអ្នកស្លាប់មានចំនួន ៤.៦៥២ នាក់។ គេដឹងថាប្រជាជនថៃ ១២៧ នាក់ បានឆ្លងវីរុសនេះ នៅក្នុងប្រទេសអេហ្ស៊ីប ដោយ ១០០ នាក់ទទួលការព្យាបាល និង២៦ នាក់បានជាសះស្បើយ ហើយម្នាក់បានស្លាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top