បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងនៅល្ងាចថ្ងៃច័ន្ទថា ករណីឆ្លងក្នុងសហគមន៍ នៃមេរោគកូវីដ១៩ចំនួន ៥នាក់ បានភ្ជាប់ទៅនឹងទីក្រុងដាណាង និងករណីនាំចូលមួយ បានបង្កើនការឆ្លងមេរោគសកម្ម របស់វៀតណាមដល់ ៤៣៥ ករណី។
យោងតាមសារព័ត៌មាន VN Expresss ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ជាមួយ នឹងការរកឃើញអ្នកឆ្លងមេរោគថ្មី ប្រទេសវៀតណាម បានកត់ត្រាចំនួនអ្នកស្លាប់ចំនួន ២ នាក់ថែមទៀត នៅថ្ងៃច័ន្ទ ដែលនាំឱ្យអ្នកស្លាប់ក្នុងប្រទេសនេះ បានកើនឡើងដល់ចំនួន ១៣នាក់ ។
ឥឡូវការឆ្លងសរុប មាននៅវៀតណាម មានចំនួន ៨៤៧ នាក់ ក្នុងចំណោមនោះ គឺមានអ្នកជំងឺចំនួន ៣៣៩ នាក់ត្រូវបានរំសាយ ចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ៤៣៥ នាក់នៅតែជាករណីសកម្ម កំពុងសម្រាកព្យាបាល។
សូមជម្រាបថា ចាប់តាំងពីការចាប់ផ្តើម នៃការផ្ទុះឡើងថ្មីនៅថ្ងៃទី ២៣ ខែកក្កដា ប្រទេសវៀតណាម បានកត់ត្រានូវករណីក្នុងស្រុក ចំនួន ៣៨៩ ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន ១៥ ដែលទាំងអស់ ត្រូវបានផ្សារភ្ជាប់ ទៅនឹងទីក្រុងដាណាង ដែលជាតំបន់ ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម ហើយបច្ចុប្បន្នជាចំណុចផ្ទុះជំងឺនេះ៕ ប្រែសម្រួលៈ ណៃ តុលា