បរទេស៖ កិច្ចពិភាក្សាសន្តិភាព រវាងរបបស៊ីរីនិងក្រុមប្រឆាំង តាមសេចក្តីរាយការណ៍ បានបន្តធ្វើសារជាថ្មី នៅរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយផ្អាកចាប់តាំងពីថ្ងៃចន្ទមក ដោយសារតែគណៈប្រតិភូចំនួន៤រូប ត្រូវបានតេស្តរកឃើញឆ្លងជំងឺកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កិច្ចពិភាក្សានោះ ត្រូវបានធ្វើឡើងនៅម៉ោង២រសៀល ម៉ោងក្នុងតំបន់ នៅវិមានអង្គការសហប្រជាជាតិ Palais des Nationក្នុងទីក្រុងហ្សឺណែវ ជាមួយការអនុវត្តដ៏ពេញលេញ នូវគម្លាតទំនាក់ទំនងសង្គម និងការប្រុងប្រយ័ត្នដែលពាក់ព័ន្ធ នេះបើយោងតាមសម្តីប្រេសិតពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់ប្រទេសស៊ីរី គឺលោក Geir Pederson នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោក Geir Pederson បាននិយាយយ៉ាងដូច្នេះថា លោកបានបង្កើតការសម្រេចចិត្ត បន្តធ្វើកិច្ចពិភាក្សាសន្តិភាពនេះ ក្រោយការធ្វើតេស្តបន្ថែម និងមានការណែនាំ ផ្នែកសុខាភិបាលនិងអ្នកជំនាញបន្ថែម និងការប្រឹក្សាយោបល់ ជាមួយសហប្រធាននានា និងសមាជិកគណៈកម្មាធិការ៕ ប្រែសម្រួល៖ប៉ាង កុង