បរទេស៖ វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ ជូឡាឡុងកន កាលពីថ្ងៃសៅរ៍ បានប្រកាសការធ្វើតេស្តវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ដែលផលិតក្នុងស្រុកលើសត្វស្វា បានទទួលជោគជ័យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានមជ្ឈមណ្ឌល វិទ្យាសាស្ត្រសុខាភិបាលឆ្លងជំងឺ របស់កាកបាទក្រហមថៃ លោកវេជ្ជបណ្ឌិត Thiravat Hemachudha បាននិយាយថា វ៉ាក់សាំងថ្មីនេះ ប្រើប្រូតេអ៊ីនពីស្លឹកថ្នាំជក់ ត្រូវបានគេធ្វើតេស្តលើសត្វកណ្តុរ និងសត្វស្វា ដោយមានលទ្ធផល គួរជាទីពេញចិត្ត ហើយឥឡូវនេះ នឹងឆ្លងកាត់ដំណើរការបន្សុត មុនពេលវា ត្រូវបានធ្វើតេស្តសាកល្បង ទៅលើមនុស្ស។
វ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនថៃមួយ ដែលមានឈ្មោះថា“ Bai Ya” នេះបើយោងតាម លោកវេជ្ជបណ្ឌិត Thiravat ។
វ៉ាក់សាំងនេះ មិនខុសពីវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើង ដោយគ្រូពេទ្យនៅមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ជូឡាឡុងកនទេ ។ វ៉ាក់សាំងនេះ ផលិតជាមួយប្រូតេអ៊ីន ពីស្លឹកថ្នាំជក់ប្រភេទពិសេស ងាយស្រួលនិងថោក ក្នុងការផលិតសូម្បី តែក្នុងកម្រិតឧស្សាហកម្មក៏ដោយ។ លោកបាននិយាយថា វានឹងមិនមានបញ្ហា ទាក់ទងនឹងប៉ាតង់ ជាមួយវិធីសាស្រ្តនេះទេ៕ ប្រែសម្រួលៈ ណៃ តុលា