Covid-19

ក្រុមហ៊ុនឱសថឯកជន និងមូលនិធិរបស់អាមេរិក នឹងបណ្តាក់ទុន ចូលក្នុងការផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់រុស្ស៊ី

បរទេស៖ វ៉ាក់សាំងការពារមេរោគកូវីដ១៩ របស់រុស្ស៊ី ឈ្មោះ Sputnik V ត្រូវបានចុះបញ្ជីកាលពីខែសីហា នៅពេលដែលវា បានក្លាយជាវ៉ាក់សាំងការពារវីរុស ដែលត្រូវបានចុះបញ្ជីដំបូងគេ នៅលើពិភពលោក។ ថ្នាំនេះត្រូវបានបង្កើតរួមគ្នា ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី និងមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Kirill Dmitriev នាយកប្រតិបត្តិរបស់ RDIF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី កំពុងពិចារណា លើការផ្តល់ជូន ដោយក្រុមហ៊ុនឱសថឯកជន របស់សហរដ្ឋអាមេរិក ដើម្បីវិនិយោគលើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Dmitriev បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានទទួលសំណើរួចហើយ សម្រាប់ការចាក់វ៉ាក់សាំង ការពារមេរោគសរុបចំនួន ១,២ ពាន់លានដូស។ យោងតាមប្រធាន RDIF , មូលនិធិនេះ នឹងបញ្ជូនវ៉ាក់សាំងនេះ ទៅកាន់ប្រទេសនៅអាមេរិកឡាទីន ៧ , នៅមជ្ឈឹមបូព៌ា និងនៅអាស៊ី។

មូលនិធិនេះរំពឹងថា ការផលិតវ៉ាក់សាំង COVID-១៩ របស់រុស្ស៊ីនឹងឈានដល់ ១០ លានដូសនៅចុងខែធ្នូ។

នាយកប្រតិបត្តិរបស់ RDIF បានបន្ថែមថា“ ប្រទេសរុស្ស៊ី ពិតជានឹងក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលធានានូវការចាក់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រជាជនរបស់ខ្លួន ប្រឆាំងនឹងវីរុសនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top