Covid-19

ជប៉ុន និងកូរ៉េខាងត្បូង សន្យាផ្តល់ជំនួយដល់អាស៊ាន ៥៧លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩

បរទេស៖ ប្រទេសជប៉ុន និង ប្រទេស កូរ៉េខាងត្បូង នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលបានធ្វើឡើងតាម អ៊ិនធរណេតកាលពីថ្ងៃព្រហស្បតិ៍ បានសន្យាផ្តល់ប្រាក់ចំនួន ៥៧ លានដុល្លារដល់ប្រទេស នៅអាស៊ានសម្រាប់ Covid-19 និងការឆ្លើយតបនឹងជំងឺ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសជប៉ុនបាននិយាយថាខ្លួននឹងផ្តល់ថវិកាចំនួន ៥០ លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺ ដែលកំពុងកើតមាន (AC-PHEED) និង ចំនួន ១ លានដុល្លារសម្រាប់មូលនិធិឆ្លើយតប Covid-19 របស់ប្លុកនៅឯកិច្ចប្រជុំកំពូលអាស៊ាន – ជប៉ុនលើកទី ២៣ ។

នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន ស៊ុនហ្វុក បានប្រកាសបង្កើត AC-PHEED នៅឯកិច្ចប្រជុំដោយបន្ថែមថា ខ្លួននឹងជួយបង្កើនសមត្ថភាពវេជ្ជសាស្រ្តនិងការសម្របសម្រួលរបស់ប្រទេសនីមួយៗនិងប្លុកក្នុងករណីមានការផ្ទុះឡើងនៃជំងឺ។

ចំណែក នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានសាទរចំពោះការបង្កើត AC-PHEED ហើយសន្យាថា នឹងជួយធ្វើប្រតិបត្តិការនេះ។

ប្រទេសកូរ៉េខាងត្បូងវិញ បាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ១ លានដុល្លារដល់មូលនិធិឆ្លើយតបរបស់ប្លុក និងឧបករណ៍វេជ្ជសាស្ត្រមានតម្លៃ ៥ លានដុល្លារដើម្បីជួយដល់សមាជិកអាស៊ានប្រយុទ្ធប្រឆាំងនិងងើបឡើងវិញពី Covid-19 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top