ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួនរបស់សម្តេចនៅពេលនេះ ធ្វើឡើងខណៈ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់ សាកសួរសុខទុក្ខអំពីស្ថានភាព សុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័ក នៅគេហដ្ឋាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹងនាំយកម៉ាស់ និងបរិក្ខាពេទ្យដែលសម្រាប់បម្រើការងារលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់ ដឹកតាមយន្តហោះទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃច័ន្ទ សប្តាហ៍ក្រោយ។
កិច្ចសន្ទនាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជាមួយ ជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះការសាកសួរសុខទុក្ខ របស់នាយករដ្ឋមន្រ្តីឡាវ ខណៈសម្តេចកំពុងធ្វើចត្តាឡីស័ក។
ការផ្តល់ជំនួយនេះបានបង្ហាញពីទឹកចិត្ត ដ៏ធំធេងរបស់កម្ពុជានៅកាលៈទេសៈពេលនេះ ដែលពិភពលោកកំពុង រួមគ្នាប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩៕