Covid-19

កាណាដា អនុម័តវ៉ាក់សាំងជំងឺកូវីដ-១៩ ហើយទំនងជានឹងដាក់ឲ្យប្រើប្រាស់ នៅសប្ដាហ៍ក្រោយ

ញូវយ៉ក៖ ប្រទេសកាណាដា កាលពីថ្ងៃពុធ បានអនុម័តការប្រើប្រាស់វ៉ាក់សាំង ប្រឆាំងនឹងមេរោគឆ្លងថ្មីកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនយក្ស Pfizer Inc និងដៃគូអាល្លឺម៉ង់ ឈ្មោះ BioNTech SE ដែលបានក្លាយជាប្រទេសទី៣ ដែលធ្វើតាមប្រទេសអង់គ្លេស និងបារ៉ែន។

ការចាក់ថ្នាំបង្ការនៅក្នុងប្រទេស ទំនងជានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយផ្តោតសំខាន់ ទៅលើមនុស្សវ័យចំណាស់ និងបុគ្គលិកពេទ្យ នៅតាមមណ្ឌលថែទាំ ដោយការផ្គត់ផ្គង់ប្រហែល ២៥០,០០០ ដូសរំពឹងថា នឹងត្រូវផ្តល់ជូននៅដំណាច់ឆ្នាំនេះ។

មនុស្សដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ នឹងត្រូវបានដកពីការចាក់វ៉ាក់សាំង ការពារមេរោគ។ អាជ្ញាធរសុខាភិបាលកាណាដា បង្ហាញថាការចាក់វ៉ាក់សាំង សម្រាប់មនុស្សទូទៅ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅនិទាឃរដូវក្រោយ។

គួរបញ្ជាក់ថា នៅចំពោះមុខការលេចចេញជាថ្មី នៃការឆ្លងវីរុសជំងឺកូវីដ-១៩ ប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់អនុម័ត ការចាក់វ៉ាក់សាំង និងធានានូវបរិមាណចាំបាច់ សម្រាប់ប្រជាជនរបស់ពួកគេ៕ ដោយ៖ ឈូក បូរ៉ា

To Top