បរទេស៖ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន PFizer ដែលការចាក់ថ្នាំបង្ការដំបូងគេ នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនេះជាចំណុចរបត់មួយនៅក្នុងសហរដ្ឋអាមេរិក ដែលជំងឺរាតត្បាតបានសម្លាប់មនុស្សជាង ២៩៥ ០០០ នាក់។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំង Pfixer ដែលបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech ដែលត្រូវបានបង្ហាញថា វាមានប្រសិទ្ធភាព ៩៥ ភាគរយក្នុងការបង្ការជំងឺក្នុងដំណាក់កាលទី ៣ ។
វ៉ាក់សាំងនេះអាចត្រូវបានផ្តល់ឱ្យមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ បុគ្គលិកថែទាំសុខភាព និងមនុស្សចាស់ជរានៅក្នុងមណ្ឌលថែទាំរយៈពេលវែងត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកទទួលបានវ៉ាក់សាំងដ៏សំខាន់នៃការប្រើថ្នាំលើកទី ២ ចំនួន ២,៩ លានដូស។
ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គមថា « វ៉ាក់សាំងដំបូងនឹងត្រូវប្រើក្នុងរយៈពេលតិចជាង ២៤ ម៉ោង ។ ខ្ញុំមានមោទនភាពដែលបាននិយាយថា យើងបានធ្វើឱ្យប្រាកដថាវ៉ាក់សាំងនេះនឹងមិនគិតថ្លៃសម្រាប់ជនជាតិអាមេរិកទាំងអស់»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងនេះនៅទូទាំងប្រទេសភ្លាមៗបន្ទាប់ពីមានការអនុញ្ញាតិពី FDA ហើយថាការចាប់ផ្តើមដំបូងនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយ៕ប្រែសម្រួលៈ ណៃ តុលា
