Covid-19

ប្រទេស វៀតណាម ចាប់ផ្តើមសាកល្បងវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទៅលើមនុស្សហើយ, អ្នកសាកល្បងមានអាការៈធម្មតា ក្រោយចាក់ថ្នាំ២ម៉ោង

បរទេស៖ ការសាកល្បង ទៅលើមនុស្សរបស់វ៉ាក់សាំង ឈ្មោះ Nanocovax ដើម្បីការពារវីរុសកូវីដ១៩ ដំបូងបង្អស់របស់ប្រទេសវៀតណាម បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ធ្នូ ដោយមានអ្នកស្ម័គ្រចិត្តចំនួន ៣នាក់ ដំបូងគេដែលទទួលការចាក់វ៉ាក់សាំងនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តសាកល្បងថ្នាំ រួមមាន បុរសចំនួន ២នាក់ និងស្ត្រីម្នាក់ ពួកគេមានអាយុ ២០ ឆ្នាំ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ ត្រូវបានចាក់វ៉ាក់សាំងនៅម៉ោង ៨ ព្រឹក នៅឯសាកលវិទ្យាល័យ វេជ្ជសាស្ត្រយោធាវៀតណាម នៅទីក្រុងហាណូយ ហើយស្ថិតក្នុងស្ថានភាពនឹងនរ បន្ទាប់ពីពីរម៉ោងពេលចាក់រួច។ ពួកគេនឹងត្រូវត្រួតពិនិត្យរយៈពេល ៧២ ម៉ោង។

ពួកគេត្រូវបានជ្រើសរើស ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាង ២០០ នាក់ ដែលបានចុះឈ្មោះ សម្រាប់ការសាកល្បងវ៉ាក់សាំង ដែលបង្កើតឡើងដោយ Nanogen Pharmaceutical Biotechnology JSC ។

ឧត្តមសេនីយ៍ទោ Do Quyet សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាននិយាយថា “វាដល់ពេលដែលវៀតណាម ប្រាប់ពិភពលោកថា យើងអាចធ្វើវាបាន ហើយតាមពិតយើង បានបង្ហាញខ្លួនយើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ” ។

លោកង្វៀន ងូកាង អនុប្រធានរដ្ឋបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបណ្តុះបណ្តាល នៃក្រសួងសុខាភិបាល បាននិយាយថា ប្រទេសវៀតណាម នៅតែមានការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតនៅខាងមុខ ហើយវាត្រូវការកិច្ចសហប្រតិបត្តិការ មិនត្រឹមតែពីអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេ គឺថែមទាំងអាជ្ញាធរ និងសហគមន៍ ជាពិសេសអ្នកស្ម័គ្រចិត្តផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top