Covid-19

អាជ្ញាធរខេត្តត្បូងឃ្មុំ បានអប់រំដោយផ្ទាល់ ពីវិធីបង្ការជំងឺឆ្លងកូវីដ១៩ ដល់ពលករខ្មែរ មកពីក្រៅប្រទេសជិត ៦ពាន់នាក់

ភ្នំពេញ៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើងថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខេត្តត្បូងឃ្មុំ បានអប់រំដោយផ្ទាល់ពីវិធីបង្ការជំងឺឆ្លងកូវីដ១៩ ដល់ពលករដែលវិលត្រឡប់ មកពីក្រៅប្រទេសចំនួន ៥៨១៥ នាក់ ក្នុងនោះស្រី ២៣២១នាក់ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្នានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដត្បូងឃ្មុំ» នាព្រឹកថ្ងៃទី១៩ មករានេះ លោក ស៊ាក ឡេង បានមានប្រសាសន៍ថា ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺអាជ្ញាធរខេត្តបានជម្រុញ គណៈបញ្ជាការឯកភាពក្រុង-ស្រុក ធ្វើការផ្សព្វផ្សាយទៅដល់ឃុំ-សង្កាត់ និងទីតាំងសំខាន់ៗ តាមចំនួនដែលបានកំណត់ ដោយធ្វើការផ្សព្វផ្សាយ តាមរយៈការចាក់ផ្សាយតាម ទូរទស្សន៍ Online ចាក់ផ្សាយតាមវិទ្យុជាតិត្បូងឃ្មុំ តាមវេបសាយមន្ទីរព័ត៌មានខេត្ត ការចាក់ឧឃោសនស័ព្ទ ការផ្សព្វផ្សាយតាមបណ្តាញសង្គម បិទផ្សាយផ្ទាំងរូបភាព នៅគ្រប់បណ្ដាឃុំ-សង្កាត់ទាំង៦៤ និងភូមិចំនួន ៨៧៣ភូមិ។

ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានអប់រំដោយផ្ទាល់ពីវិធីបង្ការជំងឺឆ្លង ជូនពលករដែលបានវិលត្រឡប់ មកពីក្រៅប្រទេសសរុបចំនួន ៥៨១៥ នាក់ ស្រី ២៣២១ នាក់ ក្នុងនោះមកពីប្រទេសថៃចំនួន ៤៥៤៥ នាក់ ស្រី ១៨៤២នាក់ និងប្រទេសផ្សេងៗ ចំនួន ១២៧០ នាក់ ស្រី ៤៧៩នាក់» ។

លោកបន្ថែមថា ដោយឡែកមូលនិធិរដ្ឋបាលខេត្ត ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានទទួលថវិកាពីក្រសួងស្ថាប័នពាក់ព័ន្ធ សប្បុរសជន ក្រុមហ៊ុន និងអង្គការដៃគូនានា សរុបចំនួន ៧៦ ៥៥៧ ០០០រៀល និងប្រាក់ដុល្លា ៩ ៧១២ដុល្លា និងសម្ភារៈរួមមាន ម៉ាស់ចំនួន ២២២ ០០០ ម៉ាស់ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន ៣៥គ្រឿង ទឹកថ្នាំសម្លាប់មេរោគ ៤ធុង អាល់កុល ៥៩កាន ជែលលាងដៃ ៧៧៦ដប សាប៊ូលាងដៃ ២១កេស ស្មើនឹង ១ ៥២១ដុំ និងខិតប័ណ្ណសម្រាប់ផ្សព្វផ្សាយចំនួន ១ ០០០សន្លឹក។

លោកបន្តថា ចំពោះថវិកាសម្រាប់ ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ២២១ ២៤០ ០០០រៀល និងចំនួន ១៤ ៤៩០ដុល្លារ ។

ក្រៅពីការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា ការងារគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការងារកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ការងារផ្ដល់សេវាសាធារណៈ ការងារគ្រប់គ្រងព្រំដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍសមត្ថភាព ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ការអភិវឌ្ឍវិស័យឯកជន វិស័យការងារ និងវិស័យបណ្តុះបណ្តាល ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយ ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ការដោះស្រាយទំនាស់ដីធ្លី ក៏កំពុងត្រូវបានធានា និងមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ខេត្តទាំងមូល មានការប្រែមុខមាត់ថ្មី ព្រមទាំងបានលើកកម្ពស់ស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦ និងអ្នកកំពុងសម្រាក នៅមន្ទីរពេទ្យចំនួន ៥៣នាក់ ៕

To Top