បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ នៅថ្ងៃអាទិត្យសប្ដាហ៍នេះថា ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នឹងចាប់ផ្តើម នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមួយ រងការវាយប្រហារ ដោយសារមេរោគកូរ៉ូណាធ្ងន់បំផុតមួយ ក្នុងតំបន់មជ្ឈិមបូព៌ា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសន្ទរកថា ផ្សាយលើកញ្ចក់ទូរទស្សន៍មួយ លោក រ៉ូហានី បាននិយាយដោយ មិនបានផ្តល់សេចក្តីលម្អិតពីថ្នាំវ៉ាក់សាំង ដែលត្រូវយកមកប្រើនោះថា “ថ្នាំវ៉ាក់សាំងបរទេស គឺជារឿងចាំបាច់មួយ រហូតដល់ថ្នាំវ៉ាក់សាំងក្នុងស្រុកមាន”។
គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នោះ លោកប្រធានាធិបតីអ៊ីរ៉ង់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជម្ងឺកូវីដ១៩ បានធ្លាក់ដល់កម្រិតទាបជាងគេ ក្នុងរយៈពេល៧ខែ ហើយមន្ត្រីអ៊ីរ៉ង់បានប្រកាសថា មិនមាន “ទីក្រុងក្រហម” មានហានិភ័យខ្ពស់ នៅក្នុងប្រទេសទៀតទេ៕ ប្រែសម្រួល៖ប៉ាង កុង