បរទេស៖ ប្រទេសឡាវ បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ សម្រាប់បុគ្គលិកពេទ្យជាង ៦០០ នាក់ ដែលដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃនេះ។ យោងតាមរបាយការណ៍ របស់វិទ្យុជាតិឡាវ បានអោយដឹងថា បុគ្គលិកពេទ្យនិងបុគ្គលិកជួរមុខ ដែលប្រឈមនឹងហានិភ័យជាង ៦០០ នាក់ បានចាប់ផ្តើមទទួលថ្នាំបង្ការប្រឆាំងនឹង Covid-19 ។
យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះ បានធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាព និងធីតាថាធីរ៉ាត ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្រោមវត្តមានឧបនាយករដ្ឋមន្រ្តី លោក Somdy Douangdy និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិតសាស្រ្តចារ្យ Boungkong Sihavong ។
វេជ្ជបណ្ឌិត Bounkong បាននិយាយថា វ៉ាក់សាំង Sinopharm ដែលផលិតនៅប្រទេសចិន ត្រូវបានគេប្រើ ដើម្បីចាក់វ៉ាក់សាំងបុគ្គលិកពេទ្យឡាវ ដែលធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន និងអ្នកដែលធ្វើការ នៅតាមកន្លែងកំណត់របស់រដ្ឋ។
វ៉ាក់សាំង Sinopharm ចំនួន ៤២៣ ដូស ត្រូវបានគេដាក់ពង្រាយរួចហើយ ដើម្បីចាក់វ៉ាក់សាំងមនុស្សចំនួន ២៩៨ នាក់ដោយបុគ្គលិកចំនួន ១២៥ នាក់បានទទួលដូសកម្រិតទី ២ ដោយគ្មានផលប៉ះពាល់អ្វីឡើយ៕ ប្រែសម្រួលៈ ណៃតុលា