បរទេស៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលថៃ បានរាយការណ៍អំពីការស្លាប់ថ្មីម្នាក់ទៀត ដែលទាក់ទងនឹងមេរោគកូវីដ១៩ ដែលបង្កើនចំនួនអ្នកស្លាប់ សរុបដល់ ៧៦ និង បានរកឃើញអ្នកឆ្លងថ្មីចំនួន ៨១៩ នាក់ទៀត ដោយក្នុងនោះ ការឆ្លងមេរោគក្នុងសហគមន៍មានចំនួន ៨០៨ នាក់ និង ១១ នាក់ ជាករណីនាំចូល។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកស្លាប់ចុងក្រោយ គឺជាបុរសជនជាតិថៃម្នាក់អាយុ ៥៦ ឆ្នាំ ដែលធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល។
សូមជម្រាបថា ករណីឆ្លងមេរោគកូវីដ១៩ សរុបនៅប្រទេសថៃ បានកើនឡើងដល់ ១៥ ៤៦៥នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ១១ ០៥៤ នាក់ និងអ្នកជំងឺចំនួន ៤ ៣៣៥ នាក់កំពុងទទួលការព្យាបាល។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៦ នាក់៕ ប្រែសម្រួលៈ ណៃតុលា