បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា គណៈកម្មការចែកចាយវ៉ាក់សាំងរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសកំណត់ថាវ៉ាក់សាំង AstraZeneca នឹងធ្វើការប្រើប្រាស់ តែទៅលើក្រុមមនុស្ស ដែលមានវ័យតិចជាង៦៥ឆ្នាំប៉ុណ្ណោះ។
គណកម្មការក៏បានបញ្ជាក់ដែរថា មូលហេតុដែលនាំឲ្យ មានការសម្រេចចិត្តបែបនេះ ធ្វើឡើងដោយសារតែខ្លួន មិនបានរកឃើញមានតួលេខ និងលទ្ធផលព្រមទាំងទិន្នន័យ ដែលមានប្រសិទ្ធភាព អាចទទួលយកបានឡើយសម្រាប់ មនុស្សដែលមានវ័យលើសពី៦៥ឆ្នាំ ជាមួយនឹងវ៉ាក់សាំងមួយប្រភេទនេះ។
ទោះបីជាយ៉ាងណាក្តីកន្លងមក អ៊ឺរ៉ុបធ្លាប់បានបញ្ជាក់ដែរថា ការធ្វើតេស្តសាកល្បងទៅវ៉ាក់សាំងនេះ ចំពោះមនុស្សមានវ័យចំណាស់ ក៏ធ្លាប់បានធ្វើឡើងរួចទៅហើយ ប៉ុន្តែក្នុងចំនួនដ៏តូចប៉ុណ្ណោះ ហើយការសម្រេចចិត្តរបស់អាល្លឺម៉ង់នេះ ត្រូវបានធ្វើឡើង នៅចំពេលដែលបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប កំពុងប្រឈមមុខទៅនឹងការខ្វះខាតវ៉ាក់សាំង និងការរិះគន់មួយចំនួន ពាក់ព័ន្ធទៅនឹងការចែកចាយផងដែរ។
រំលឹកដែរថាកន្លងមកក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡុងនេះ បានបញ្ជាក់ថា ការចែកចាយរបស់ខ្លួន នៅក្នុងតំបន់អ៊ឺរ៉ុបនឹងខ្វះខាត និងយឺតយ៉ាវជាងការសន្យា ដោយសារបញ្ហានៅក្នុងរោងចក្រ របស់ខ្លួននៅតំបន់អ៊ឺរ៉ុបតែម្តង៕
ប្រែសម្រួល៖ស៊ុនលី