Covid-19

អង់គ្លេស បន្ថែមបញ្ជីហាមឃាត់ ការធ្វើដំណើរលើប្រទេសចំនួន ៣ ដោយព្រួយបារម្ភ ពីករណីឆ្លងជំងឺកូវីដ-១៩ទម្រង់ថ្មី

ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមឃាត់ ការធ្វើដំណើរពីអារ៉ាប់ ប៊ូរុនឌី និងរវ៉ាន់ដា នៅពេលដែលខ្លួន ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩ទម្រង់ថ្មី។

ចាប់ពីថ្ងៃសុក្រនេះ អ្នកដំណើរដែលមិនមែនជាអង់គ្លេស ឬអៀរឡង់ ដែលបានឆ្លងកាត់ ឬឆ្លងកាត់តាមប្រទេសទាំងនោះ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់ចក្រភពអង់គ្លេសទៀតឡើយ។

បច្ចុប្បន្នប្រទេសអង់គ្លេស ស្ថិតនៅក្រោមការចាក់សោរជាតិលើកទី៣ ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតនៅក្នុងប្រទេស។ វិធានការណ៍រឹតបន្តឹងស្រដៀងគ្នានេះ ក៏មាននៅក្នុងប្រទេសស្កុតឡេន វែលស៍ និងអៀរឡង់ខាងជើងផងដែរ។

គួរបញ្ជាក់ថា ដើម្បីនាំជីវិតទៅរកភាពប្រក្រតីវិញ ប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស ចិន អាល្លឺម៉ង់រុស្ស៊ី និងសហរដ្ឋអាមេរិក បានប្រកួតប្រជែងគ្នានឹងពេលវេលា ដើម្បីចាក់វ៉ាក់សាំងការពារមេរោគឆ្លង៕ ដោយ ៖ ឈូក បូរ៉ា

To Top