Covid-19

សេដ្ឋកិច្ច របស់មហាអំណាចលេខ១ លើពិភពលោក ដាំក្បាលចុះ ៣,៥ភាគរយនៅឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣.៥ ភាគរយនៅឆ្នាំ ២០២០ ចំពេលមានជំងឺរាតត្បាតកូវីដ- ១៩ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុត នៃផលិតផលក្នុងស្រុក សរុបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៤៦ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។

ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤ ភាគរយនៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ ចំពេលមានការកើនឡើង នៃករណីឆ្លងជំងឺ-១៩ គឺទាបជាង ៣៣,៤ ភាគរយនៅក្នុងត្រីមាសមុន។

ការកើនឡើងនៃផលិតផលក្នុងស្រុក សរុបក្នុងត្រីមាសទី ៤ បានឆ្លុះបញ្ចាំង ទាំងការស្ទុះងើបសេដ្ឋកិច្ច ជាបន្តពីការធ្លាក់ចុះយ៉ាងខ្លាំង កាលពីដើមឆ្នាំ និងផលប៉ះពាល់ ដែលកំពុងបន្តកើតមាន នៃជំងឺរាតត្បាតកូវីដ-១៩ រួមទាំងការរឹតត្បិតថ្មីៗ និងការបិទទ្វារ ដែលមានប្រសិទ្ធិភាព នៅក្នុងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក។

ទោះបីជាមានការស្ទុះងើបឡើងវិញ ផ្នែកសេដ្ឋកិច្ច នៅពាក់កណ្តាលឆ្នាំចុងក្រោយក៏ដោយ ក៏សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣.៥ ភាគរយសម្រាប់ពេញមួយឆ្នាំនៃឆ្នាំ២០២០ បើប្រៀបធៀប ជាមួយនឹងការកើនឡើង ២,២ ភាគរយនៅក្នុងឆ្នាំ២០១៩៕ ដោយ៖ ឈូក បូរ៉ា

To Top