ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសគុយបា បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធថា អ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតមានចំនួន១.០៥១នាក់ គិតក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃដែលមាននៅក្នុងកំណត់ត្រា រួមទាំងមានអ្នកស្លាប់០៣នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៧៥.២៦៣នាក់ និងស្លាប់កើនដល់៤២៤នាក់ ។
លោក Francisco Duran នាយកផ្នែកជំងឺឆ្លង និងអនាម័យជាតិ នៃក្រសួងខាងលើបាន ធ្វើការកត់សម្គាល់ថា ខែមីនា បានប្រែក្លាយជាខែដែលមានចំនួនអ្នកឆ្លងជំងឺ ខ្ពស់បំផុតនៅក្នុងប្រទេស ដែលមានអ្នកឆ្លងជំងឺដល់ទៅ២៤.៦៧៣នាក់ និងស្លាប់១០០នាក់ ។
គាត់ក៏បានចង្អុលបង្ហាញថា ក្រៅពីចំនួនអ្នកឆ្លងជំងឺបន្ថែមប្រចាំថ្ងៃ ចំនួន១.០៤១នាក់គឺជាអ្នកឆ្លង នៅក្នុងសហគមន៍នៅក្នុងប្រទេសនេះ ។
ហាវ៉ាណា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺចំនួន៤៧៧នាក់ ចំណុចកណ្តាលនៃ ការឆ្លងរាតត្បាត នៅតែកើតឡើង ដែលមានអត្រាអ្នកឆ្លងជំងឺចំនួន៣១៦.៦នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ ដែលខ្ពស់ជាងគេបំផុតនៅលើដែនកោះខារីបៀន ។
ក្រុមអាជ្ញាធរ កំពុងរក្សាការរឹតត្បិតលើវិធានការសុខភាព នៅរដ្ឋធានី ដែលក្នុងនោះរាប់ទាំងការកំណត់ ចល័តនៅពេលយប់ រួមទាំងនឹងទទួលការពិន័យចំពោះបុគ្គលណាដែលមិនព្រមពាក់ម៉ាស់ ឬពាក់មិនត្រឹមត្រូវបានបច្ចេកទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា