Covid-19

អាជ្ញាធរខេត្តព្រះសីហនុ បិទអាហារដ្ឋាន ម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប នៅសង្កាត់ លេខ៤ ក្រោយរកឃើញបុគ្គលិកក្នុង ហាងឆ្លងកូវីដ១៩

ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌល ចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។

យោងតាមលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់ម្ចាស់អាហារដ្ឋានខាងលើ នៅថ្ងៃទី២ មេសា បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត ពីអ្នកបម្រើការងារ នៅក្នុងអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ហើយលទ្ធផលតេស្តមាន វិជ្ជមានកូវីដ១៩ ។

រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យ លោកផ្អាកជាបណ្តោះអាសន្នការចេញ-ចូលអាហារដ្ឋាននោះ ជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យ មានភ្ញៀវថ្មីចូលទៅហូបអាហារ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សកំពុងស្នាក់នៅក្នុងទីតាំង នោះចេញ-ចូលដោយ គ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាល ខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាល ខេត្តនឹង យកវត្ថុសំណាក ពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩» ។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទក្នុងទីតាំងនោះ ជាបណ្តោះ អាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក រហូតមានការជូនដំណឹងជាថ្មី។ ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នា៕

To Top