Covid-19

លោក ឃាង ពុទ្ធីៈ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ មិនមែនជា ឱកាសមាស សម្រាប់​វិនិយោគ លើ​វិស័យ​​អចលនទ្រព្យទេ

ភ្នំពេញ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA)​ លោក ឃាង ពុទ្ធី នៅថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ដែលអូសបន្លាយ​មកដល់នឹងពេលនេះ មិនមែនជា​ឱកាសមាស ឱកាសប្រាក់ សម្រាប់ការវិនិយោគ លើវិស័យអចលនទ្រព្យ​ នៅប្រទេសកម្ពុជានោះទេ។

លោក ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា “ឱកាសវិនិយោគ​អចលនទ្រព្យ ហើយនិងតម្លៃអចលនទ្រព្យ នៅប្រទេសកម្ពុជា រឺអាច​និយាយ​ឱកាសវិនិយោគល្អ​ តម្លៃក៏ល្អឡើងវិញ លុះតែយើងទប់ស្កាត់​ រឺកាត់បន្ថយជំងឺកូវីដ១៩ ដូចមុនព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ”។

យ៉ាងណាក៏ដោយ លោកប្រធានក្រុមប្រឹក្សា ​សំណូមពរឱ្យបងប្អូនប្រជាជន​ មហាជន​ អ្នកវិនិយោគទុន​ជាតិ​និងអន្តរជាតិ  ទំាងអស់​គ្នា​​នៅក្នុងប្រទេស​កម្ពុជា​ “ចូល​រួម​ទប់ស្កាត់​ ៣កុំ ៣ការពារ​ ហើយ​បទបញ្ញត្តិ និងវិធានការទាំងឡាយ ដែលចេញដោយរាជ​រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ​ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ”។

​ការអត្ថាធិប្បាយរបស់លោក ពុទ្ធី ធ្វើឡើងក្រោយពីការលើកឡើងថា ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ជា ឱកាសមាស ឱកាសប្រាក់ សម្រាប់ការវិនិយោគ លើវិស័យ​អចលនទ្រព្យ​​នៅក្នុងប្រទេសកម្ពុជា៕

ដោយៈ សយ សុភា

To Top