Covid-19

រាជរដ្ឋាភិបាលបញ្ជាឲ្យរៀបចំដាក់អ្នកសង្ស័យផ្ទុកកូវីដ១៩ បំប្លែងខ្លួនថ្មី នៅដាច់ដោយឡែក

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរៀបចំដាក់អ្នកសង្ស័យថា មានផ្ទុកមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី នៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តាឡីស័កផ្សេងៗទៀត។

តាមរយៈសេចក្ដីសម្រេច ស្ដីពី សមាភាព និងការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ របស់រាជរដ្ឋាភិបាល ចេញផ្សាយ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូល ប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្ដាច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងច្រកចេញ-ចូល តាមផ្លូវអាកាស ទូទាំងប្រទេស។

សម្ដេចតេជោ បន្ដថា រៀបចំ និងដឹកនាំអនុវត្តវិធានការដោយឡែក ដើម្បីត្រួតពិនិត្យសុខភាព និងការយកសំណាកវិភាគរកមេរោគកូវីដ-១៩លើអ្នកដំណើរមកពីតំបន់ដែលមានការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ឬតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។ ជាពិសេសនោះ ដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ ក្នុងករណីដែលរកឃើញថា អ្នកដំណើរមានផ្ទុកមេរោគកូវីដ- ១៩ ឬសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ផ្នែកសុខាភិបាល។

សម្ដេចតេជោបញ្ជាក់ថា«រៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កឲ្យបានសមស្របទៅតាមស្ថានភាពវិវត្តនៃជំងឺកូវីដ-១៩ ដោយត្រូវរៀបចំដាក់អ្នកដែឡសង្ស័យថា មានផ្ទុះមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ឲ្យនៅដាច់ដោយឡែកពីបុគ្គលធ្វើចត្តា ឡីស័កផ្សេងទៀត»។

សម្ដេចតេជោ បន្ថែមថា ត្រូវគ្រប់គ្រងការងារធ្វើចត្តាឡីស័ក និងទីកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពនូវវិធានការធ្វើចត្តាឡីស័ក ផងដែរ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០,១៥៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣៤,៣២៥នាក់ និងស្លាប់ ចំនួន ៣៦៨នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top