ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់ដូចជាខិតចូលដល់ បន្ទាត់ប្រហមទៅហើយ ក្រោយពីមានឆ្លងជំងឺកូវីដ-១៩ កើនឡើង ជារៀងរាល់ថ្ងៃ។
ក្នុងពិធីប្រគល់ថវិកា១០លានរៀល និងសម្ភារៈមួយចំនួនជូនលោក សូ សយ អ្នកចាក់វ៉ាក់សាំង ទី៤លាននាក់ រស់នៅ ខេត្តកោះកុង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបន្ដទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុ ងប្រយ័ត្នបន្ថែមទៀត ព្រោះថា ក្រសួងរកឃើញករណីនាំចូលទៅលើពលករឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ជាច្រើនករណី។
លោកស្រី បញ្ជាក់ថា «ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូន ជាអារម្មណ៍ផ្ទាល់របស់ខ្ញុំ ជាការមើលឃើញផ្ទាល់របស់ខ្ញុំ ហើយមានការពិភាក្សាគ្នាជាច្រើនដែរ ជាមួយនឹង តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជារបស់យើង អំពីស្ថាន ភាពកូវីដ-១៩នៅកម្ពុជា។ យើងសង្កេតឃើញថា បច្ចុប្បន្ននេះយើងហាក់ដូចជាបានខិតចូលដល់បន្ទាត់ក្រហមទៅហើ យ ចឹងបើសិនយើង នៅបន្ទាត់ក្រហម យើងមិនព្រម ឬមួយក៏យើងនៅតែធូររលុងនូវវិធានការ ដែលបានដាក់ចេញ មិនបានចូលអនុវត្តគ្រប់គ្នាទេ ចឹងកម្ពុជាយើងឆ្លងផុតបន្ទាត់ក្រហម»។
លោកស្រី បន្ដថា បើសិកម្ពុជាឆ្លងផុតបន្ទាត់ក្រហម មានន័យយ៉ាងម៉េច? មានន័យថា ប្រជាជនខ្មែរនឹងដាក់ខ្លួនឯងចូល ក្នុងព្រឹត្តិការណ៍មួយ ដែលហៅថា «ការឆ្លងនៅក្នុងទ្រុងទ្រាយធំ»។ លោកស្រី រៀបរាប់ថា បើសិនកម្ពុជាឆ្លងចូលក្នុង ទ្រុងទ្រាធំហើយ កម្ពុជាពិតជាជួបការលំបាក។ បើសិនប្រជាពលរដ្ឋមិនព្រមលំបាករយៈពេលខ្លី នាពេលបច្ចុប្បន្ននេះ ដើម្បីផលចំណេញរយៈពេលវែងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដូចជា ៣ការពារ ៣កុំ ជាដើម។
ឆ្លៀតឱកាសនោះ លោកស្រី រដ្ឋលេខាធិការ ក៏បានលើកឡើងថា ក្នុងខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីចូ លនាំនូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ចំនួន២២ករណី។ លោកស្រី ក៏បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានចរាចរណ៍នៃវិរុសកូវីដ-១៩ ប្រភេទ B.1.7 ព្រោះថា មានអ្នកជំងឺលើសពី ១០០នាក់ ហើយ។
លោកស្រី ពន្យល់ថា វិរុសប្រភេទ Delta មានភាពឆ្លងលឿនជាង ប្រភេទ B.1.7 ទៅទៀត។ លោកស្រីថា មានអ្នកជំងឺ ចូលព្យាបាលពេលបច្ចុប្បន្ននេះមួយចំនួន មានសភាពធ្ងន់ធ្ងរ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៩.២៥៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៣.៤៧៣នាក់ និងស្លាប់ ចំនួន៥៧៥នាក់៕