បាងកក៖ ក្រសួងសុខាភិបាលប្រទេសថៃ បាននិយាយឲ្យដឹងថា បុគ្គលិកពេទ្យជាង ៦០០ នាក់ដែលបានទទួលវ៉ាក់សាំង Sinovac របស់ចិនចំនួន ២ ដូស បានឆ្លងជំងឺកូវីដ-១៩ ខណៈអាជ្ញាធរមានបំណងផ្តល់កម្រិតថ្នាំបន្ថែម ដើម្បីបង្កើនភាពស៊ាំ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលពីខែមេសា ដល់ខែកក្កដា បានបង្ហាញថា ក្នុងចំណោមបុគ្គលិកពេទ្យ ៦៧៧,៣៤៨ នាក់ ដែលបានទទួលវ៉ាក់សាំង Sinovac ចំនួន ៦១៨ នាក់ បានឆ្លងជំងឺនេះ។ គិលានុបដ្ឋាយិកាម្នាក់បានស្លាប់ហើយបុគ្គលិកពេទ្យម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មន្ត្រីជំនាញជាន់ខ្ពស់លោក Sopon Iamsirithawon បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍នូវកម្រិតដូសទី ៣ ដើម្បីបង្កឱ្យមានភាពស៊ាំ ចំពោះបុគ្គលិកពេទ្យដែលមានហានិភ័យ។
លោកបានលើកឡើងថា“ នេះនឹងក្លាយជាវ៉ាក់សាំងផ្សេងៗគ្នាទាំងវ៉ាក់សាំងវីរុស AstraZeneca ឬវ៉ាក់សាំង mRNA ដែលប្រទេសថៃ នឹងទទួលបានក្នុងពេលដ៏ខ្លីខាងមុខនេះ” ។
សេចក្តីប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ថាមានការឆ្លងរាលដាលដល់សហគមន៍ចំនួន ៩,៤១៨ ក្នុងចំនួនខ្ពស់បំផុតកាលពីថ្ងៃអាទិត្យ។ ហើយកាលពីថ្ងៃសៅរ៍ អាជ្ញាធរបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសថ្មីនេះចំនួន ៩១ នាក់។
ប្រទេសថៃ បានរាយការណ៍ថា មានអ្នកឆ្លងសរុបចំនួន ៣៣៦,៣៧១ករណី និងអ្នកស្លាប់ចំនួន ២,៧១១នាក់ បានស្លាប់ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន។
ភាគច្រើននៃបុគ្គលិកផ្នែកវេជ្ជសាស្រ្ត និងជួរមុខរបស់ប្រទេសថៃ ត្រូវបានគេចាក់វ៉ាក់សាំង Sinovac បន្ទាប់ពីខែកុម្ភៈ ជាមួយនឹងវ៉ាក់សាំង AstraZeneca ដែលបានមកដល់ក្នុងខែមិថុនា។
ប្រទេសថៃរំពឹងថា នឹងបរិច្ចាគវ៉ាក់សាំង Pfizer-BioNTech ចំនួន ១,៥ លានពីសហរដ្ឋអាមេរិក នៅចុងខែនេះ ហើយបានបញ្ជាទិញចំនួន ២០ លានដូស ដែលនឹងត្រូវផ្តល់ជូនបន្ទាប់ពីខែតុលា៕
ដោយ ឈូក បូរ៉ា