ភ្នំពេញ ៖ សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ៖ ម៉ាសធម្មតាចំនួន១លានបន្ទះ ,ម៉ាស N95 ចំនួន ១០ម៉ឺនបន្ទះ , ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែនចំនួន១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន ៣៥ម៉ឺនដុល្លារ ។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយភាគីកម្ពុជាមាន លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឡែក ភាគីវៀតណាម តំណាងដោយលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។


សូមរំលឹកថា នាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ៕
