Covid-19

កាលពីថ្ងៃអង្គារ ថៃ មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ១៨ ៥៩០ នាក់ ប៉ុន្តែរកឃើញអ្នកឆ្លង ១៨ ៩០១នាក់

បរទេស៖ ក្រសួងសុខាភិបាលថៃបានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៤៧ នាក់បន្ថែមទៀត និងរកឃើញករណីឆ្លងថ្មីចំនួន ១៨ ៩០១ ករណី នៅក្នុងប្រទេសថៃកាលពីថ្ងៃច័ន្ទ ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃទីពីរបន្ទាប់ពីចំនួន ១៨.៩១២ នាក់ត្រូវបានរកឃើញនៅថ្ងៃទី ៣១ ខែកក្កដា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺ ១៨ ១៥៨ករណី រកឃើញនៅក្នុងចំនួនប្រជាជនទូទៅ និង ៧៤៣ ករណី រកឃើញក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺកូវីដ ១៩ ចំនួន ១៨ ៥៩០ នាក់ បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបានរាយការណ៍នៅពេលក្រោយថា អ្នកស្លាប់ថ្មីទាំង ១៤៧ នាក់នេះគឺមានជនជាតិថៃ ១៤០ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៧ នាក់ ដែលមានអាយុ ៣៤-៩៩ ឆ្នាំ។ ពីរនាក់បានស្លាប់នៅផ្ទះនៅបាងកក និង នៅខេត្ត ផាតធម ថានី៕

ប្រែសម្រួលៈ ណៃ តុលា

To Top