ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩នោះទេ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដអនុវត្តវិធានការសុខាភិបាលឲ្យជាប់ជានិច្ច។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WHO ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោកស្រី Li Ailan បានថ្លែងថា «សុទិដ្ឋិនិយមចំពោះវ៉ាក់សាំង អាចបង្កគ្រោះថ្នាក់។ កាលដែលបានចាក់វ៉ាក់សាំងរួចហើយ មិនមានន័យថា អ្នកគួរតែឈប់អនុវត្តវិធានការបង្ការផ្សេងទៀត ដូចជា ការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំ ឬប្រមូលផ្ដុំមនុស្សជាដើមនោះទេ»។
លោកស្រីបន្ដថា ការចាក់វ៉ាក់សាំងតែមួយមុខ មិនមែនជាដំណោះស្រាយវេទមន្តនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុង ចំណោមឧបករណ៍ដ៏សំខាន់ជាច្រើននៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយវាជួយកាត់បន្ថយ មិនឲ្យឈឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។
លោកស្រីបានបញ្ជាក់ថា «យើងអាចទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩បាន លុះត្រាតែយើងបន្តអនុវត្តអន្តរាគមន៍សុខភាពសាធារណៈ មិនមែនឱសថចំគោលដៅបានយ៉ាងតឹងរឹង និងប្រកបដោយប្រសិទ្ធភាព គួបផ្សំនឹងការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។ រឿងសំខាន់នោះ គឺការអនុវត្តនូវវិធានការទាំងនេះ នឹង អនុញ្ញាតឲ្យបណ្តាអាជីវកម្ម និងវិស័យផ្សេងៗទៀត អាចបើកដំណើរការឡើងវិញ ហើយ ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ឡើងវិញប្រកបដោយសុវត្ថិភាព»។
តំណាងអង្គការ WHO ប្រចាំកម្ពុជា ក៏បានលើកឡើងទៀតថា ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងសុខាភិបាល កន្លងមកបាន ធានានូវការមកដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែច្រើន ធានាថា ពលរដ្ឋបានចាក់វ៉ាក់ សាំង និងធានាឲ្យមានការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងគ្រប់គ្រាន់នៅកម្ពុជា ជាពិសេស ក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ និងដែលរស់នៅតំបន់ដាច់ស្រយាល។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៨,៦៣៩,៧៧៣នាក់៕



