កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ នេះបានដឹកនាំក្រុមការងារ មន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យ តំបន់បិទខ្ទប់ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងឃុំគោករវាង ស្រុកជើងព្រៃ នឹងបានដាក់វិធានការបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាល កាន់តែច្រើនបន្តទៀត ។

ក្នុងឱកាសនៃការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ ឲ្យបន្តតាមដាន ត្រួតពិនិត្យការអនុវត្ត ការធ្វើចត្តាឡីស័កនៅតាមផ្ទះ របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងករណី ឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់មកនេះ ឲ្យបានត្រឹមត្រូវតាមវិធានការរបស់សុខាភិបាល។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តតាមដានសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ប្រសិន បើមានរោគសញ្ញាសង្ស័យត្រូវរាយការណ៍បន្ទាន់ ជូនមន្ត្រីសុខាភិបាល ឬអាជ្ញាធរ និងត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាង សម្អាតដៃ ការរក្សាគម្លាតសុវត្តិភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវនេះ នៅក្នុងសហគមន៍ ៕
