ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស បានបដិសេធថា កម្លាំងកងរាជអាវុធហត្ថដែលមានភារកិច្ចយាមកាម នៅមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនដែលជំរិតទារប្រាក់ជាថ្នូរពី សាច់ញ្ញាតិដើម្បីបានផ្ញើឥវ៉ាន់នានា ទៅឲ្យអ្នកជំងឺក្នុង មណ្ឌលព្យាបាលឡើយ ។

ការបដិសេធនេះ ក្រោយពីមានការលើកឡើងថា “នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិកមានបញ្ហាជាច្រើន អត់មានសណ្តាប់ធ្នាប់ ជាពិសេសនៅពេលផ្ញើឥវ៉ាន់ឲ្យអ្នកជំងឺគឺប៉េអឹមយាមនៅខាងមុខ គាប់សង្កត់យកលុយ ដោយទឹកសុទ្ធមួយកេស ជាថ្នូយកលុយ៣ម៉ឺនរៀល ហើយបើឥវ៉ាន់ផ្ញើខុសម៉ោងប៉េអឹម គិតម្តង១០ដុល្លារ”។ នេះបើតាមសេចក្តីប្រកាសរបស់លោក អេង ហ៊ី នាថ្ងៃ២៧ កញ្ញា ។

ក្រោយស្តាប់រៀបរាប់នេះ លោក អេង ហ៊ីបានឆ្លើយតប បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថមានភារកិច្ចទទួលខុសត្រូវតែ២ទីតាំងប៉ុណ្ណោះ គឺ ព្រីមៀសែនសុខ និងមន្ទីរពេទ្យហ្លួងម៉ែ ឯទីតាំងមណ្ឌលព្យាបាលស្តាតអូឡាំពិកមិនមានកម្លាំងកងរាជអាវុធហត្ថទេ។
លោកអះអាងថា ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនកងរាជអាវុធហត្ថគោរពច្បាប់ វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ។

អ្នកនាំពាក្យកងរាជអាវុធហត្ថសង្កត់ធ្ងន់ថា “ប្រសិនបើឃើញយោធិននៃកងរាជអាវុធហត្ថណា ប្រព្រឹត្តមិនសមរម្យ អសីលធម៌ មិនគោរពវិន័យ ឬល្មើសច្បាប់ សូមពិនិត្យស្លាកឈ្មោះ ឬអត្តលេខរបស់យោធិននៃកងរាជអាវុធហត្ថនោះដែលនៅខាងស្តាំលើហោប៉ៅអាវ នៃឯកសណ្ឋាន ហើយផ្តល់ព័ត៌មានជាបន្ទាន់ កងរាជអាវុធហត្ថនឹងមានវិធានការចំពោះបុគ្គលនោះ” ៕
