សិង្ហបុរី៖ ប្រទេសសឹង្ហបុរី បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤,២៤៨ ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១៩២,០៩៩ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មី ៣៧១០ករណីត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៣៦ករណី នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក ហើយពីរករណីត្រូវបាននាំចូល។
ករណីកូវីដ-១៩ សរុបចំនួន ១,៦១៤ ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ ២៥៧ ករណី ត្រូវការការបន្ថែមអុកស៊ីហ្សែន ៨០ ករណីមិនស្ថិតស្ថេរ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ក្នុងបន្ទប់ថែទាំ ដែលពឹងផ្អែកខ្លាំង (ICUs) និង ៥៩ ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អត្រាប្រើប្រាស់បន្ទប់ ICU សរុបបច្ចុប្បន្ន គឺ 74 ភាគរយ។
អ្នកជំងឺដែលបានជា សះស្បើយបន្ថែមទៀតចំនួន ៣,០១១នាក់ ត្រូវបានអនុញ្ញាត ឱ្យ ចេញពីមន្ទីរពេទ្យ។ ក្រសួងបានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន១៦នាក់ទៀតបានស្លាប់ដោយសារជំងឺរាតត្បាត ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបកើនដល់ ៣៧៩នាក់៕
ដោយ ឈូក បូរ៉ា