Covid-19

ក្រសួងសុខាភិបាល ឲ្យអាជ្ញាធររាជធានី-ខេត្ត ណែនាំសាធារណជនពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងបន្ដអនុវត្តវិធានការចាំបាច់នានា (Video)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានស្នើគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ធ្វើការណែនាំសាធារណជន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការបន្តអនុវត្តវិធានការចាំបាច់នានា។

ការស្នើរបស់ក្រសួងសុខាភិបាល បែបនេះក្រោយពីរាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស សម្រាប់ទីសាធារណៈដែលជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញចូលល្អ។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានបញ្ជាល់ថា «ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សូមស្នើដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់សាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការបន្តអនុវត្ត វិធានការចាំបាច់នានា»

ក្រសួងបន្ដថា ប្រជាជន ពុំតម្រូវឲ្យពាក់ម៉ាស់ទៀតឡើយ នៅទីសាធារណៈដែលជាទីលំហ ឬទីកន្លែង មានចរន្តខ្យល់ចេញចូលល្អ (ដូចជា នៅផ្លូវ ឬសួនច្បារសាធារណៈ អគារ ឬបន្ទប់បើកបង្អួច ឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ជាដើម) ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

ក្រសួងបន្ថែមថា ប៉ុន្តែការពាក់ម៉ាស់នេះ ត្រូវបានលើកទឹកចិត្តឲ្យបន្តអនុវត្តនៅពេលមានការ ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំ ទីតាំងសកម្មភាពសង្គម-សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ (ជាអាទិ៍ ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ) និងទីតាំងបិទជិតនានាដែលពុំមាន ប្រព័ន្ធរំហូរខ្យល់ចេញចូលល្អ ឬទីកន្លែងដែលមានការសង្ស័យថា មានបុគ្គលដែលពា នឹងជំងឺកូវីដ-១ ចំពោះ ទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ឬការពាក់ម៉ាស់ជាជម្រើស ដោយផ្អែកទៅតាមការកំណត់នៅ គោលការណ៍ប្រតិបត្តិស្តង់ដារនានា (SOPs) ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។

លើសពីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប៉ុន្តែ កាតព្វកិច្ចពាក់ម៉ាសនេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩៕

To Top