ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ចិន នឹងធ្វើតេស្តទៅលើប្រជាជន ១៤លាននាក់ ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីការរកឃើញ ករណីឆ្លងវីរុសកូវីដ១៩ ជាចង្កោម

បរទេស៖ ទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន មានគោលបំណងធ្វើតេស្ត អ្នកស្រុករបស់ខ្លួនចំនួន ១៤លាននាក់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីការរកឃើញករណី ឆ្លងជាចង្កោមរបស់វីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅ ផ្ទះរហូតដល់ការធ្វើតេស្តរួច ហើយត្រូវតែផ្តល់លទ្ធផលអវិជ្ជមាន ដើម្បីទទួលបានបណ្ណសុខភាព ដែលត្រូវការសម្រាប់ប្រើប្រាស់ លើការដឹកជញ្ជូនសាធារណៈ។ ក្នុងចំណោម ២០ ករណីដែលបានរកឃើញ មានពីរករណីគឺជាវ៉ារ្យ៉ង់ Omicron ដែលជាប្រភេទវីរុសអាចចម្លងបានលឿន និងរហ័ស។

ប្រទេសចិនកំពុងបន្ត អនុវត្តគោលនយោបាយ សូន្យ-កូវីដ ដែលមានគោលបំណង លុបបំបាត់ជំងឺឆ្លងនេះនៅក្នុងសហគមន៍។ ផ្ទុយទៅនឹងផ្នែកផ្សេងទៀត នៃពិភពលោក ដែលបានបើកប្រទេសឡើងវិញ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង គឺប្រទេសចិនបានឆ្លើយតបទៅ នឹងករណីឆ្លងវីរុសក្នុងស្រុកមួយចំនួនតូច ជាមួយនឹងការធ្វើតេស្តដ៏ធំ និងការបិទទ្វារយ៉ាងតឹងរ៉ឹង។

គោលនយោបាយនេះទំនង ជាស្ថិតនៅក្រោមសម្ពាធជាមួយ នឹងបុណ្យចូលឆ្នាំថ្មីរបស់ចិន នៅថ្ងៃទី១ ខែកុម្ភៈ នៅពេលដែលមនុស្សរាប់លាននាក់ ជាធម្មតាចេញធ្វើដំណើរ ក៏ដូចជាកីឡាអូឡាំពិករដូវរងា ដែលនឹងចាប់ផ្តើមប៉ុន្មានថ្ងៃក្រោយមក។ ទីក្រុងប៉េកាំងមានចម្ងាយត្រឹមតែ ១១៥ គីឡូម៉ែត្រ ពីទីក្រុង Tianjin ៕

ប្រែសម្រួលៈ ណៃ តុលា

To Top